វៀតណាម ដាក់ចេញវិធានការទប់ស្កាត់ការហក់ឡើងថ្លៃទីផ្សារអចលនទ្រព្យ

មេដឹកនាំវៀតណាម ដាក់ចេញបទ​​បញ្ជាឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបន្ទាន់ឱ្យ​ខ្លាំង​ ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងទប់ស្កាត់ការហក់ឡើងថ្លៃដោយរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។ 

តាមការចុះផ្សាយរបស់កាសែត Viet Nam News លោក ផាម មិញ ឈិញ នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងកាលពីថ្ងៃអង្គារថា ការកើតឡើង​ក្រោយ​តម្លៃលំនៅដ្ឋានក្នុងតំបន់មួយ​ចំនួន​នៅវៀតណាមហក់ឡើងខ្ពស់ ទោះបីជារដ្ឋាភិបាល​ប្រឹងប្រែងបង្កើនល្បឿន​អភិវឌ្ឍអចលនទ្រព្យក្ដី។ លោកថា កំណើនតម្លៃនេះ រួមចំណែកដោយ​ការទិញផ្ទះទុកលក់ពេលឡើងថ្លៃ និងកង្វះការផ្គត់ផ្គង់ជាដើម។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុធ្វើរបាយការណ៍ត្រឹមថ្ងៃទី ១៥ ខែតុលានេះស្តីពីពន្ធលើអចលនទ្រព្យ និងការកែលម្អប្រព័ន្ធឌីជីថលសម្រាប់អចលនទ្រព្យ ការចុះបញ្ជីដីធ្លី និងការបង់ពន្ធ ដើម្បីបង្កើនតម្លាភាព។ 

បន្ថែមពីលើនេះ ធនាគារកណ្ដាលវៀតណាម​ ក៏ទទួលបានបទបញ្ជាឱ្យ​​កំណត់​ប្រាក់កម្ចីសម្រាប់ការ​ទិញផ្ទះទុកលក់ពេលឡើងថ្លៃ ឬការអភិវឌ្ឍលំនៅដ្ឋាន​ដែលមានតម្លៃលើសលុប​៕