នៅថ្ងៃពុធ ទី២២តុលា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ជាការធ្វើតេស្ដជាលើកដំបូងក្នុងពេលប៉ុន្មានខែមកនេះ និងតែមួយសប្ដាហ៍ប៉ុណ្ណោះ មុននឹងមេដឹកនាំពិភពលោកក្នុងនោះរួមមានប្រធានាធិបតីអាមេរិក ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយដោយស្រង់សម្តីយោធាកូរ៉េខាងត្បូង ឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីទីក្រុង Junghwa ក្នុងខេត្ត North Hwanghae នៅម៉ោង ៨:១០នាទីព្រឹក ថ្ងៃពុធនេះ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។ បើតាមយោធាកូរ៉េខាងត្បូងដដែល នេះជាការបាញ់សាកល្បងមីស៊ីលដំបូងបំផុតចាប់តាំងលោក Lee Jae-myung ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែមិថុនាមកកន្លងទៅ។
គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។ កាលពីពេលថ្មីៗនេះ លោក ត្រាំ បានលើកឡើងពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងឆ្នាំនេះ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បានគូសបញ្ជាក់ផងដែរថា លោក គីម បើកចំហចំពោះកិច្ចចរចានៅពេលអនាគតជាមួយលោក ត្រាំ ប្រសិនបើអាមេរិកបោះបង់ចោលគំនិតចង់ឱ្យទីក្រុងព្យុងយ៉ាងរំសាយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន៕


