មនុស្សចម្រុះជាតិសាសន៍ប្រមាណ ៦៧៧នាក់ បានភៀសខ្លួនឆ្លងដែនចូលមកប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ចុះឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលឆបោកដ៏ល្បីល្បាញបំផុតមួយ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post នៅថ្ងៃទី២៤ ខែតុលា។
លោក Sawanit Suriyakul អភិបាលខេត្តតាក (TaK) ប្រទេសថៃ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានមនុស្ស ៦៧៧នាក់ បានភៀសខ្លួនចេញពីមជ្ឈមណ្ឌល KK Park ដោយឆ្លងកាត់ទន្លេមួយចូលមកក្នុងប្រទេសថៃ។
បើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post ប្រតិបត្តិការបង្រ្កាប យោធាមីយ៉ាន់ម៉ាបានឃាត់ខ្លួន បុរស ៦១៨នាក់ និងស្ត្រី ៥៩នាក់ ដែលពួកគេភាគច្រើនគឺមកពីប្រទេសឥណ្ឌា, ចិន, វៀតណាម, ប៉ាគីស្ថាន, ឥណ្ឌូនេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត។
សេចក្តីថ្លែងការណ៍របស់ក្រុមយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៣ ខែតុលា យោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងមជ្ឈមណ្ឌល KK Park និងកំពុងត្រួតពិនិត្យទីតាំងនោះយ៉ាងម៉ត់ចត់ដែលជំរុញឱ្យមនុស្សមួយចំនួនធំភៀសខ្លួនចូលមកក្នុងប្រទេសថៃ៕


