យោធាមីយ៉ាន់ម៉ា បំផ្ទុះអគារឆបោកអនឡាញដ៏ធំ ធ្វើឲ្យថៃពង្រឹងសន្តិសុខទប់ស្កាត់ឧក្រិដ្ឋជនឆ្លងដែន

កងកម្លាំងសន្តិសុខថៃបានរារាំងការកើនឡើងយ៉ាងគំហុកនៃការមកដល់របស់ជនភៀសខ្លួន បន្ទាប់ពីការបំផ្ទុះលើកទី៤ របស់យោធាមីយ៉ាន់ម៉ានៅមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយកន្លែងឈ្មោះ KK Park ។ បើតាមកាសែតថៃ The Nation ពេលនេះជនភៀសខ្លួនចម្រុះជាតិសាសន៍ប្រមាណ ១,៥២៥ នាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ចំពេលមានការបង្ក្រាបមជ្ឈមណ្ឌលឆបោកដែលកំពុងបន្ត។

នៅថ្ងៃទី២៧ ខែតុលា ប្រភពពីព្រំដែនថៃ-មីយ៉ាន់ម៉ា បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានធ្វើការបំផ្ទុះអង្រួនមជ្ឈមណ្ឌល KK ក្នុងទីក្រុង Myawaddy ដែលជាមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញដ៏ធំមានទីតាំងនៅទល់មុខតំបន់ Mae Ku Mai Tha Sung ក្នុងស្រុក Mae Sot ខេត្តតាក ប្រទេសថៃ។ 

The Nation ផ្សាយថា ការផ្ទុះនេះកើតឡើងចំពេលដែលការបង្រ្កាបចុងក្រោយបំផុតរបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបោកប្រាស់តាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការក្រោមការក្លែងបន្លំនៃគម្រោងវិនិយោគរបស់ចិន។

ជនបរទេសចម្រុះជាតិសាសន៍បានបន្តភៀសខ្លួនចេញពីមជ្ឍមណ្ឌល KK និងតំបន់ជុំវិញដូចជា Shwe Kokko ទល់មុខ Ban Wang Pha នៅ Mae Ramat និង Tai Chang ទល់មុខ Ban Huai Nam Nak ក្នុងស្រុក Phop Phra ទោះបីជាមានការការពារដោយកងកម្លាំងការពារព្រំដែន Karen និងកងទ័ព Karen Benevolent Army ក៏ដោយ៕