មនុស្សស្លាប់ដោយសារទឹកជំនន់នៅថៃកើនដល់ ២២នាក់ហើយ

កាលពីថ្ងៃអង្គារទី៧ ខែតុលា អាជ្ញាធរថៃបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅប្រទេសថៃបានកើនឡើងដល់ ២២នាក់ ខណៈក្រុមសង្រ្គោះកំពុងផ្តល់ជំនួយដល់ប្រជាជនប្រមាណ ៣៧ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងទឹកទន្លេ។ 

បើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post ដោយដករបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានឲ្យដឹងថា មនុស្សជាង ៣៦ម៉ឺន៩ពាន់នាក់ ក្នុង ១៩ខេត្តដោយមិនរាប់បញ្ចូលទីក្រុងបាងកក បានរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ។ នៅក្នុងនោះ ខេត្ត Uttaradit និងខេត្ត Ayutthaya គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត។

ក្រុមសង្គ្រោះបន្ទាន់ក៏កំពុងចែកស្បៀងអាហារ និងសម្ភារៈចំបាច់នានា ហើយបានតាមដានកម្រិតទឹកយ៉ាងដិតដល់ ខណៈដែលរដូវមូសុងបាននាំមកនូវការធ្លាក់ខ្លាំងភ្លៀងឡើង។

គួរឲ្យដឹងថា ប៉ុន្មានសប្តាហ៍ជាប់ៗគ្នាប្រទេសថៃបានរងគ្រោះ ដោយសារតែខ្យល់ព្យុះជាបន្តបន្ទាប់។ ព្យុះត្រូពិកមួយទៀតឈ្មោះ ម៉ាត់ម៉ូ (Matmo) បានធ្វើឱ្យមានប្រព័ន្ធសម្ពាធទាបសកម្មនៅភាគខាងលើនៃប្រទេសវៀតណាម នៅថ្ងៃអង្គារ ហើយនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ដាច់ស្រយាលក្នុងតំបន់ ភាគខាងជើង ភាគឦសាន និងភាគខាងកើត នៃប្រទេសថៃ៕