ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងធ្វើការបន្ថែមម៉ោងដើម្បីបង្កើនល្បឿននៃការផលិតយន្តហោះចម្បាំង F-16V បំពាក់ដោយមីស៊ីល ដែលបានពន្យារពេលប្រគល់ទៅកាន់កោះតៃវ៉ាន់ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។

តៃវ៉ាន់ ដែលប្រឈមមុខនឹងការគម្រាមកំហែងយោធាកើនឡើងពីទីក្រុងប៉េកាំង បានត្អូញត្អែរពីការពន្យារពេលម្តងហើយម្តងទៀតចំពោះសព្វាវុធដែលបានបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលជាប្រទេសគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់ខ្លួនដែលទាមទារដោយចិន។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយ។
នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកសភា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ការបញ្ជូនយន្តហោះចម្បាំង F-16V ទាំង ៦៦ គ្រឿង ដែលដំបូងគេរំពឹងថានឹងមកដល់នៅចុងឆ្នាំ២០២៦ ត្រូវបានពន្យាពេលវិញដោយសារតែរំខាននៃខ្សែសង្វាក់ផលិតកម្ម។
ក្រសួងបាននិយាយថា ដើម្បីបង្កើនល្បឿនផលិតកម្ម ក្រុមហ៊ុនកំពុងធ្វើការពីរវេនដែលមានរយៈពេល ២០ម៉ោងក្នុងមួយថ្ងៃ ដោយតៃវ៉ាន់នឹងតាមដានវឌ្ឍនភាពដើម្បីធានាបានតាមកិច្ចសន្យា។
ថ្លែងនៅក្នុងសភា រដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo បាននិយាយថា សហរដ្ឋអាមេរិក និងតៃវ៉ាន់ កំពុងធ្វើការលើការពន្យារពេល ហើយថាយន្តហោះលឿនជាងសំឡេង Lockheed Martin ចំនួន ៥០ គ្រឿងបានស្ថិតនៅក្នុងខ្សែសង្វាក់ផលិតកម្មរួចហើយ។ លោកបានបន្ថែមថា ក្នុងចំណោមទាំង៥០គ្រឿង មាន ១០គ្រឿង ត្រូវបានគេរំពឹងថានឹងឆ្លងកាត់ការធ្វើតេស្តហោះហើរនៅឆ្នាំនេះ ហើយនឹងត្រូវបានចែកចាយនៅឆ្នាំ២០២៦ ។
គួរឲ្យដឹងថា យន្ដហោះចម្បាំង F-16V ដែលមានបំពាក់ប្រព័ន្ធគ្រប់គ្រងបញ្ជា ប្រព័ន្ធរ៉ាដា និងសព្វាអាវុធទំនើបៗ ពីអាមេរិក កោះតៃវ៉ាន់បញ្ជាទិញដើម្បីពង្រឹងសមត្ថភាពទប់ទល់ជាមួយកងទ័ពអាកាសចិន ដែលរួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ J-20។
កាលពីឆ្នាំ២០១៩ អាមេរិកបានអនុម័ត ការលក់ក្នុងតម្លៃ៨ពាន់លានដុល្លារ នូវយន្តហោះចម្បាំង F-16 ស៊េរីថ្មី ផលិតដោយក្រុមហ៊ុន Lockheed Martin មកឱ្យកោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឱ្យកងយន្តហោះចម្បាំង F-16 របស់ដែនកោះនេះ កើនដល់២០០គ្រឿង ដែលច្រើនជាងគេបង្អស់ប្រចាំនៅអាស៉ី៕



