នាយករដ្ឋមន្ត្រីថៃ ឲ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅថ្ងៃចន្ទ ខែ១០ ខែវិច្ឆិកានេះ បានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសេចក្តីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីទាហានថៃដើរជាន់មីន បណ្តាឲ្យរងរបួសនៅខេត្តស៊ីសាកេត។ លោក Anutin ប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់យោធាថៃ។

ថ្លែងនៅទីស្នាក់ការប៉ូលិសភូមិន្ទថៃ លោក Anutin បាននិយាយថា លោកបានទទួលដំណឹងអំពីឧបទ្ទវហេតុនៅក្នុងតំបន់កងទ័ពទី២ ហើយបានណែនាំឲ្យក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើសកម្មភាពយ៉ាងតឹងរ៉ឹងស្របតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។

តាមរយៈកាសែត The Nation នារសៀលថ្ងៃចន្ទនេះ លោក Anutin បានសង្កត់ធ្ងន់ថា ឧបទ្ទវហេតុនេះបានបង្ហាញពីអរិភាពដែលកំពុងបន្តប្រឆាំងនឹងសន្តិសុខ និងអធិបតេយ្យភាពរបស់ប្រទេសថៃ។

គួរឲ្យដឹងថា ទាហានថៃចំនួន ២នាក់បានជាន់មីននៅខេត្តស៊ីសាកេតកាលពីព្រឹកថ្ងៃច័ន្ទនេះ ក្នុងនោះមានម្នាក់បានដាច់កជើង និងម្នាក់ទៀតរងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់ភ្លាមៗ។ តាមកាសែតថៃបានរាយការណ៍ទៀតថា ទាហានទាំងពីរនាក់មកពីកងវរសេនាធំថ្មើរជើងលេខ១៦១១ បានជាន់មីន បណ្តាលឲ្យដាច់កជើងពេលកំពុងតែល្បាត។