អាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៉ី 

សហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ សម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៉ី ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាថាតើត្រូវបញ្ជូនមីស៊ីល Tomahawk ទៅឱ្យទីក្រុងកៀវ ឬក៏អត់។ នេះបើតាមកាសែតអាមេរិក Wall Street Journal (WSJ) កាលពីថ្ងៃពុធ ទី១ ខែតុលា។

សេចក្ដីរាយការណ៍របស់ Wall Street Journal កាលពីថ្ងៃពុធបានឱ្យដឹងថា ការវិវត្តថ្មីក្នុងការផ្ដល់ឱ្យអ៊ុយក្រែននូវព័ត៌មានស៊ើបការណ៍សម្ងាត់ នឹងធ្វើឱ្យអ៊ុយក្រែនកាន់តែមានភាពងាយស្រួលក្នុងការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរប្រេង និងឧស្ម័ន ស្ថានីយថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្នុងការគោលបំណងកាត់ផ្ដាច់ចំណូលដែលទីក្រុងមូស្គូបានមកពីការលក់ប្រេង និងឧស្ម័នសម្រាប់បន្តធ្វើសង្រ្គាម។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានបញ្ជាក់ថា ក្រុមមន្រ្តីអាមេរិកក៏កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្ត NATO ផ្ដល់ការគាំទ្រឱ្យអ៊ុយក្រែនដូចគ្នានេះដែរ។ 

បើតាមមន្ត្រីអាមេរិកម្នាក់ប្រាប់ Wall Street Journal ការអនុម័តលើការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ខាងលើកើតមានឡើង ក្នុងរយៈពេលខ្លីប៉ុណ្ណោះ មុននឹង លោក ត្រាំ បង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមកាលពីសប្ដាហ៍មុនថាអ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដីរបស់ខ្លួនទាំងអស់ដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់ត្រឡប់ទៅវិញ៕