យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធបានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញយោធា បាននិយាយថា យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគម្រោងលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត គឺជាប្រភេទយន្ដហោះមានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ។
គួរឲ្យដឹងថា ដើម្បីជាកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន រជ្ជទាយាទរបស់អារ៉ាប៊ីសាអូឌីត មកកាន់សេតវិមានក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសពីគម្រោងលក់យន្ដហោះចម្បាំង F-35 ទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់ខ្លួន។
ពាក់ព័ន្ធនឹងការប្រកាសលក់យន្តហោះចម្បាំង F-35 ត្រូវបានក្រុមមន្ត្រីអាមេរិកបានធានាថា យន្ដហោះចម្បាំង F-35 ដែលលក់ឲ្យអារ៉ាប៊ីសាអូឌីតនឹងមានបច្ចេកវិទ្យាទាបជាង យន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើសព្វថ្ងៃ ក្នុងនោះរួមមានប្រព័ន្ធអាវុធទំនើប និងបរិក្ខារ electronic warfare។ នេះគឺអនុលោមតាមច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនត្រូវតែធានាឱ្យបានថា អ៉ីស្រាអែលមានឧត្តមភាពយោធាលើសប្រទេសណាៗទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
អ្នកជំនាញយោធានៅវិទ្យាស្ថាន Mitchell Institute for Aerospace Studies បាននិយាយថា ទោះជាទទួលបានយន្ដហោះចម្បាំង F-35 ក៏អារ៉ាប៊ីសាអូឌីតទំនងជានឹងមិនអាចទទួលបានមីស៊ីល AIM-260 ដែលជាប្រភេទមីស៊ីលដ៏ទំនើបចុងក្រោយសម្រាប់បំពាក់លើ F-35 នោះដែរ។
សូមជម្រាបជូនថា គម្រោងលក់យន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក បានធ្វើឱ្យអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយកាតា និងអេមីរ៉ាតអារ៉ាប់រួមដែលទទួលបានសំណើលក់យន្ដហោះចម្បាំងដ៏ទំនើបនេះ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងទាំងនេះនៅតែមានភាពចម្រូងចម្រាសដោយសារបញ្ហាពេលវេលានៃការប្រគល់ សមត្ថភាព និងការព្រួយបារម្ភពីការបែកធ្លាយបច្ចេកវិទ្យាទៅក្នុងដៃរបស់ចិនជាដើម៕


