លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបានច្រានចោលការចោទប្រកាន់អំពីការជ្រៀតជ្រែកចូលជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់ថាម៉ាឡេស៊ីគឺជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងប្រទេសទាំង២ តែប៉ុណ្ណោះ។
ការចេញមុខមកបញ្ជាក់របស់លោក Anwar ធ្វើឡើងបន្ទាប់ពីក្រុមបាតុករថៃបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតម៉ាឡេស៊ី ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់រូបលោកថា បានបំពានលើតួនាទីជាប្រធានអាស៊ាន និងលូកលាន់កិច្ចការរបស់ថៃដើម្បីការពារអធិបតេយ្យរបស់ខ្លួន។
ថ្លែងនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ក្នុងទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងជាទីដែលរូបលោកចូលរួមកិច្ចប្រជុំកំពូល G20 ដែលទូរទស្សន៍ CNA ចេញផ្សាយបានដកស្រង់សម្តីលោក Anwar បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់..ដំបូងគេបំផុតក្នុងនាមជាអ្នកជិតខាង ជាការពិតណាស់យើងមានការព្រួយបារម្ភពីជម្លោះ ប៉ុន្តែយើងមិនបានលូកដៃចូលពាក់ព័ន្ធនោះទេ។ ម៉ាឡេស៊ីបានត្រឹមជួយសម្របសម្រួលឱ្យមានកិច្ចចរចារវាងកម្ពុជា និងថៃប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវការផ្សះផ្សា និងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរវាងប្រទេសទាំងពីរ។
បើតាមលោក Anwar កម្ពុជា និងថៃបានចាត់ទុកម៉ាឡេស៊ីជាមិត្ត ហើយម៉ាឡេស៊ីក៏មិនបានផ្ដល់ការណែនាំ ឬវិធីសាស្ត្រពិសេសថាតើកម្ពុជា និងថៃត្រូវដោះស្រាយបញ្ហាដោយរបៀបណានោះដែរ៕


