វិបត្តិទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលតំបន់នេះជួបប្រទះ។ សាធារណៈជនបានរិះគន់រដ្ឋាភិបាលរបស់លោក អនុទីន ចាន់វីរៈគុល មានភាពយឺតយ៉ាវក្នុងការឆ្លើយតបជួយសង្រ្គោះ។

តំណាងមកពីគណបក្សភឿថៃ ដែលចុះទៅជួបជនភៀសខ្លួនមកទីទួលសុវត្ថិនៅសាលា Hatyairatprachasan បានសម្តែងការខកចិត្តចំពោះការឆ្លើយតបយឺត និងមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលលោក អនុទីន ចំពោះវិបត្តិទឹកជំនន់ ដោយបានលើកឡើងថា ប្រជាជនជាច្រើនត្រូវបានទុកចោល។ នេះបើតាមកាសែត Thai Enquirer ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា។
គ្រួសារមួយបានរៀបរាប់ថា បានយកទូកផ្ទាល់ខ្លួនពីរ៉ាណង ទៅជួយសង្គ្រោះសាច់ញាតិដែលជាប់នៅក្នុងផ្ទះ ដោយចោទសួរថា ហេតុអ្វីបានជាពលរដ្ឋត្រូវយកបញ្ហាមកដាក់ក្នុងដៃរបស់ពួកគេ។ បើតាម Thai Enquirer អាជ្ញាធរបានលើកឡើងពីបញ្ហាប្រឈមផ្នែកដឹកជញ្ជូន ដោយរថយន្តយោធាមិនអាចទៅដល់តំបន់លិចទឹក និងតម្រូវការផ្ទេរការផ្គត់ផ្គង់តាមទូក។
នៅមណ្ឌលជម្លៀសប្រជាជន តំណាងមកពីគណបក្សភឿថៃបានមើលឃើញពីកង្វះខាតយ៉ាងធ្ងន់ធ្ងរ រួមមាន៖ អាហារ ភួយ កន្ទេល ម្សៅទឹកដោះគោ ថ្នាំបាញ់មូស ស្បែកជើង និងផលិតផលអនាម័យជាដើម។ សមាជិកសភាទីក្រុងបាងកក លោក Theerarat Samrejvanich បានជំរុញឱ្យមានការបរិច្ចាគជាសាធារណៈ ហើយបាននិយាយថា គណបក្សកំពុងសម្របសម្រួលជាមួយស្រុកនៅក្បែរនោះ ដើម្បីទិញសម្ភារៈផ្គត់ផ្គង់បន្ថែម។
អនុប្រធានគណបក្សភឿថៃ លោក Korkaew Pikulthong ក៏បានលើកឡើងពីការព្រួយបារម្ភអំពីការដាច់ប្រព័ន្ធទូរស័ព្ទ និងអ៊ីនធឺណិត ដោយអំពាវនាវឱ្យអាជ្ញាធរស្តារទំនាក់ទំនងឡើងវិញ ដើម្បីប្រជាពលរដ្ឋអាចទាក់ទងសមាជិកគ្រួសារ និងសម្របសម្រួលការសង្គ្រោះ។
បើតាមការចុះផ្សាយរបស់ កាសែតថៃ Khaosod English មានការអំពាវនាវជាបន្ទាន់សម្រាប់ជំនួយពីមនុស្ស ២០០ នាក់ ដែលពួកគេបានស្រែកថា “យើងត្រូវការអាហារ និងទឹកផឹក!”។ កាសែត Khaosod បន្តថា បុគ្គលិកនិងកម្មករប្រហែល២០០នាក់បានជាប់ក្នុងអគារ ៥ជាន់អស់រយៈពេល៤ថ្ងៃមកហើយ ខណៈទឹកបានលិចដល់ជាន់ទី២ហើយ ពួកគេគ្មានគ្រឿងផ្គត់ផ្គង់ ហើយមិនអាចទាក់ទងអ្នកណាបានឡើយ៕



