ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ

ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។ 

ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រលោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Chengdu នៃខេត្ត Sichuan។ 

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Macron ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែកក្កដាកន្លងទៅ ជាពេលដែលលោកស្រីបាននិយាយថាទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិនកំពុងស្ថិតក្នុងការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ក្រៅពីលោក Macron នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅដើមឆ្នាំ២០២៦ផងដែរ៕