ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមកដល់ប្រទេសចិនកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃដែលផ្តោតលើពាណិជ្ជកម្ម និងទំនាក់ទំនង ខណៈអឺរ៉ុបកំពុងព្យាយាមស្វែងរកតុល្យភាពសេដ្ឋកិច្ច និងសន្តិសុខឡើងវិញជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។

ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា លោក Macron នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងគោលបំណងសម្រេចបាននូវតុល្យភាពដែលធានាកំណើនប្រកបដោយនិរន្តរភាព និងរឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
ប្រទេសបារាំងមានបំណងទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិន និងសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញរបស់បារាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងវិស័យថាមពល ឧស្សាហកម្មម្ហូបអាហារ និងវិស័យអាកាសចរណ៍។
ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា លោក Macron ប្តេជ្ញាការពារ “ការទទួលបានទីផ្សារដោយយុត្តិធម៌ និងទៅវិញទៅមក”។
គួរឲ្យដឹងថា ប្លុកដែលមាន ២៧ប្រទេសមានឱនភាពពាណិជ្ជកម្មដ៏ធំជាមួយប្រទេសចិន ក្នុងទំហំជាង ៣០០ ពាន់លានអឺរ៉ូ (៣៤៨ ពាន់លានដុល្លារ) កាលពីឆ្នាំមុន ខណៈប្រទេសចិនតែមួយតំណាងឱ្យ ៤៦% នៃឱនភាពពាណិជ្ជកម្មសរុបរបស់បារាំង។ បារាំងនិងសហភាពអឺរ៉ុបបាននិយាយថា ចិនជាដៃគូប្រកួតប្រជែងផង និងជាគូប្រជែងជាប្រព័ន្ធផង។ នៅប៉ុន្មានឆ្នាំថ្មីៗនេះមានជម្លោះពាណិជ្ជកម្មជាច្រើន បន្ទាប់ពីសហភាពអឺរ៉ុបបានធ្វើការស៊ើបអង្កេតលើការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ចិន។ ភ្លាមៗប្រទេសចិនបានឆ្លើយតបជាមួយនឹងការស៊ើបអង្កេតលើការនាំចូលម៉ាកយីហោអឺរ៉ុប សាច់ជ្រូក និងផលិតផលទឹកដោះគោ៕


