ប្រធានាធិបតី Xi Jinping និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ តាមការព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរនឹងប្តេជ្ញាធ្វើការលើវិស័យចំនួន ៤។
បើតាមលោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបទេសចិន នៅលើបណ្តាញសង្គមហ្វេសប៊ុក កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ដែលសម្រេចក្នុងជំនួបនាពេលនេះរួមមាន៖
ទី១ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ។ ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។
ទី២ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ភាគីទាំងពីរនឹងជួយសម្រួលដល់ការអភិវឌ្ឍប្រកបដោយតុល្យភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ពង្រីកការវិនិយោគទ្វេភាគី និងផ្តល់បរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ តម្លាភាព មិនរើសអើង និងអាចព្យាករណ៍បានសម្រាប់ក្រុមហ៊ុននៃប្រទេសទាំងពីរ។
ទី៣ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន។ ភាគីទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការថ្មីលើការការពារសត្វខ្លាឃ្មុំផេនដាយក្ស។
និងទី៤ បន្តកំណែទម្រង់ និងការកែលម្អអភិបាលកិច្ចសកល។ ភាគីទាំងពីរនឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ លើកកំពស់ប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិដែលគាំទ្រដោយច្បាប់អន្តរជាតិ និងធ្វើការសម្រាប់ប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែត្រឹមត្រូវ និងសមធម៌។
សូមជម្រាបជូនថា លោក Macron និងភរិយាគឺលោកស្រី Brigitte ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក Xi Jingping និងភរិយា លោកស្រី Peng Liyuan នៅសាលវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ លោក Macron ក៏ត្រូវបានរំពឹងថានឹងជួបនាយករដ្ឋមន្ត្រីចិន លោក Li Qiang មុននឹងធ្វើដំណើរទៅកាន់ទីក្រុង Chengdu៕


