ពេលនេះ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃដែលល្មោភសង្រ្គាមប្រកែកមិនទទួលស្គាល់ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលថាថៃជាអ្នកបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។ លោក Anutin Charnvirakul អះអាងថា ថៃគឺជាអ្នករងគ្រោះដោយការឈ្លានពាន និងការវាយប្រហារមុនប៉ុណ្ណោះ ហើយអ្វីដែលកងទ័ពថៃបានធ្វើ គឺជាការឆ្លើយតបដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។

តាមរយៈការចុះផ្សាយរបស់កាសែតថៃ The Standard នៅថ្ងៃទី២៣ ធ្នូនេះ ដែលក្រុមអ្នកសារព័ត៌មានសួរថា តើលោក (Anutin Charnvirakul) មានកង្វល់ទេនៅពេលដែលលោកប្រធានាធិបតី Donald Trump ចោទប្រកាន់ថា ភាគីថៃជាអ្នកបង្កសង្រ្គាមជាមួយកម្ពុជាមុន? លោក Anutin បានឆ្លើយមិនស្ទាក់ស្ទើរយ៉ាងសឿងបឿងថា «ការពិតគ្រប់គ្នាដឹងស្រាប់ហើយ អត់មានក្តីកង្វល់អ្វីសោះឡើយ យើងជាអ្នកត្រូវគេរុករានឈ្លានពានវាយប្រហារ។ អ្វីដែលយើងធ្វើគឺដើម្បីតបត ការពារខ្លួន ការពារដែនអធិបតេយ្យរបស់យើង»។
នៅពេលសួរទៀតថា ពេលនេះមើលទៅដូចជាប្រទេសជាច្រើនកំពុងនៅខាងកម្ពុជា តើយើងត្រូវនិយាយអ្វីខ្លះឲ្យពួកគេមកជឿយើងខ្លះ? នាយករដ្ឋមន្រ្តីចាំផ្ទះរូបនេះឆ្លើយបែបរដាក់រដុបថា «មិនឃើញមានប្រទេសណាផង អារឿងនេះជារឿងបញ្ហាត្រឹមទ្វេភាគីថៃ កម្ពុជា មិនឃើញមានប្រទេសណាមកប្រាប់ថាឈរនៅខាងណា។ អ្នកគ្រប់គ្នាគេមកប្រាប់ថានៅកណ្តាលទាំងអស់ហ្នឹង ហើយយើងក៏សប្បាយចិត្តស្វាគមន៍ដែលប្រទេសទាំងនោះនៅកណ្តាល។ តែទោះបីជាយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវតែកែខៃ និងបញ្ចប់វាឲ្យបាន»។
ថ្លែងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក កាលពីថ្ងៃទី២២ ខែធ្នូ ប្រធានាធិបតី Trump បានថ្លែងថា៖ «ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសMarco Rubio លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះលោកថាលោកបានបញ្ចប់សង្រ្គាម ៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺនៅកណ្តាលគេ។ លោកថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់ និងគុំគួនគ្នាជាខ្លាំង»។
គួរឲ្យដឹងថា នៅត្រឹមថ្ងៃទី២៣ខែធ្នូនេះ គឺមានរយៈពេល១៧ថ្ងៃនៃសង្គ្រាមឈ្លានពានរបស់ថៃមកកម្ពុជា។ ក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕


