ប្រធានាធិបតី ម៉ាឌូរ៉ូ អះអាងប្រាប់តុលាការអាមេរិកថា លោកនិងភរិយាមិនមានទោសទេ

ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកបានបដិសេធមិនទទួលយក ចំពោះការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ហើយបាននិយាយប្រាប់ទៅកាន់ចៅក្រមតុលាការស្រុកអាមេរិកថា លោកនិងភរិយាមិនមានទោសទេ នឹងថាលោកនៅតែជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។

លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកគឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស បានសារភាពប្រាប់ចៅក្រមថា «ពួកយើងមិនមានទោសទេ»។ លោក ម៉ាឌូរ៉ូ ថា «ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសខ្ញុំ និងភរិយារបស់ខ្ញុំនៅតែស្រ្តីទី១»

ក្រោយចប់សវនាការលោក ម៉ាឌូរ៉ូ និងភរិយា នឹងនៅក្នុងពន្ធនាគារទីក្រុងញូវយ៉ក រហូតដល់មានសវនាការលើកទី២ ដែលនឹងកំណត់នៅថ្ងៃទី១៧ ខែមីនា ២០២៦។

បាតុកររាប់សិបនាក់ ទាំងគាំទ្រ និងប្រឆាំងលោក ម៉ាឌូរ៉ូ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ មុនពេលសវនាការកន្លះម៉ោង។ ប៉ុន្មានម៉ោងក្រោយមកនៅទីក្រុង Caracas អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡាជាមួយនឹងពាក្យគាំទ្រចំពោះ លោក ម៉ាឌូរ៉ូ ប៉ុន្តែមិនមានសញ្ញាណាមួយថា លោកស្រីនឹងប្រឆាំងនឹងចំណាត់ការរបស់សហរដ្ឋអាមេរិកនោះទេ៕