មតិអ្នកច្បាប់៖ បើថៃមិនស្តាប់ប្រធានអាស៊ាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?

លោកមេធាវី សុខ សំអឿន បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនជុំវិញដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលប្រធានអាស៊ាន​ គឺប្រទេសម៉ាឡេស៊ី បានខ្នេះខ្នែងជួយសម្របសម្រួលបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

អ្នកច្បាប់ជើងចាស់រូបនេះ បានបង្ហោះសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារទាំងស្រុងដូចខាក្រោម៖

ចុះបើថៃមិនស្តាប់ប្រធានអាស៊ាន

មានសំនួរសួរថា ចុះប្រសិនបើ អាន់វ៉ា មិនអាចសម្រុះសម្រួលថៃបាន តើយើងនឹងត្រូវធ្វើដូចម្តេច? ហើយមានវិធីអាចដោះស្រាយបានទេ?

យន្តការដោះស្រាយអន្តរជាតិ គឺមាន ការដោះស្រាយដោយអង្គការតំបន់ (គឺយើងមានអាស៊ាន) និង ការដោះស្រាយដោយអង្គការសហប្រជាជាតិ។

ការដោះស្រាយដោយអាស៊ាន មានតែការសម្របសម្រួលប៉ុណ្ណោះ មិនមានយន្តការប្រើទ័ពអាស៊ានដើម្បីធ្វើអន្តរាគមន៍នោះទេ។ អាចនឹងមានដែរ គឺអាស៊ានអាចបង្កើតកងរក្សាសន្តិសុខអាស៊ានដើម្បីបញ្ជូនមកប្រចំាការតាមព្រំដែនដែរ កាលបើមានការយល់ព្រម សមាជិកទាំងអស់យល់ព្រម ហើយ ភាគីជម្លោះទាំងពីរ គឺ ថៃ និង កម្ពុជា យល់ព្រមផងដែរ។ ទណ្ឌកម្មដែលធំ ដែលអាស៊ានអាចដាក់ គឺសម្រេចដកសមាជិកភាពពីអាស៊ាន នូវប្រទេសដែលគេប្រាប់មិនស្តាប់។ ប៉ុន្តែ ចម្ងល់គឺនៅតែឆ្ងល់ថា តើទម្រំាសម្រេចបែបនេះ តើត្រូវការរយៈពេលប៉ុន្មាន? តើក្នុងកំឡុងចចារនោះ ថៃផ្អាកសង្រ្គាមសិនដែរឬអត់? ហើយ ចុះបើដកសមាជិកភាពពីអាស៊ាន តើថៃបញ្ចប់សង្រ្គាមដែរឬទេ? ដូចនេះ កម្ពុជា នៅតែត្រូវទប់ទល់នឹងការវាយប្រហារពីថៃដដែល!

រីឯ ការដោះស្រាយតាមយន្តការអង្គការសហប្រជាជាតិវិញ។ អង្គការសហប្រជាជាតិអាចលូកដៃ បន្ទាប់ពីយន្តការតំបន់បរាជ័យ។ អង្គការសហប្រជាជាតិមិនអាចគៀងគរទ័ពអង្គការសហប្រជាជាតិបានទេ កាលបើ ក្រុមប្រឹក្សាសន្តិសុខ មិនសម្រេចថាត្រូវធ្វើអន្តរាគមន៍ដោយកងទ័ពនោះ។ ក្រុមប្រឹក្សាសន្តិសុខ ដែលឈានទៅដល់ការសម្រេចបញ្ជូនទ័ពទៅបាន ក៏លុះត្រាសមាជិកអចិន្រ្តៃយ៍របស់ខ្លួនសម្រេចដោយឯកច្ឆ័ន្ទដែរ ពោលគឺគ្មានជំទាស់ដោយសមាជិកណាមួយនោះទេ។ ប្រសិនបើ មិនអាចរកសំលេងគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខបានទេ អង្គការសហប្រជាជាតិអាចរកសម្លេងគាំទ្រដោយមហាសន្និបាតបានដែរ, ប៉ុន្តែ អស់លោកគិតមើលតើត្រូវការពេលប៉ុន្មាន ហើយត្រូវធ្វើឱ្យប្រទេសជាសមាជិកគាំទ្រគ្រប់សម្លេងនោះ? នោះគឺត្រូវការពេលវេលា និង ត្រូវការតស៊ូមតិខ្លាំងណាស់។ ហើយអង្គការសហប្រជាជាតិដែលសម្រេចបញ្ជូនទ័ពនោះ ក៏គេគង់តែមើលទៅលើប្រទេសដែលបំពានគេនោះដែរ តើមានកម្លាំងប៉ុណ្ណា? ចូរមើល សង្រ្គាម រុស្សី និង អ៊ុយក្រែន អង្គការសហប្រជាជាតិមានទៅហ៊ានក្អកឯណា។

ដូចនេះ គឺមានតែ ខ្លួនទីពឹងខ្លួនសិនហើយ ទម្រាំតែព្រះឥន្ទបើកព្រះនេត្រឃើញនោះ!