កុំគិតងាយ!

ក្នុងកាលៈទេសៈដែលប្រជាជាតិកម្ពុជាកំពុងទទួលរងនូវទន្ទ្រានឈ្លានពានទឹកដីដោយខុសច្បាប់ និងយ៉ាងគគ្លើននៅតាមតំបន់ព្រំដែនពីសំណាក់កងទ័ពថៃ ក្រុមប្រឆាំងមួយក្តាប់តូចដែលកំពុងរស់នៅនិរទេស​ឯក្រៅប្រទេសក្រោមការដឹកនាំរបស់ទណ្ឌិតមួយរូប ដែលតែងតែធ្វើនយោបាយប្រជាភិថុត ឆ្លៀតឱកាស កេងចំណេញនយោបាយ និងបរាជ័យគ្រប់សមរភូមិរហូតដល់រលំរលាយបក្ស កំពុងឆ្លៀតឱកាសធ្វើការវាយប្រហារលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលជាតិរបស់យើងតាមរយៈការបង្ហោះសារផ្សេងៗក្នុងនោះការញុះញង់អោយមានការផ្លាស់ប្តូរថ្នាក់ដឹកនាំជាដើមទើបប្រទេសជាតិទទួលបានសុខសន្តិភាពជាមួយប្រទេសចោរឈ្លានពាន។

មានសំណួរជាច្រើនបានលើកឡើងថា តើសន្តិភាពនោះអាចកើតឡើងតាមរបៀបណានៅពេលដែលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកម្ពុជានោះ? សន្តិភាពតាមរយៈការលះបង់ទឹកដីអោយទៅក្រុមយោធាចោរថៃឬ? ហេតុអ្វីបានជាគំនិតនេះត្រូវបានក្រុមប្រឆាំងក្រៅច្បាប់នឹកឃើញទៅរួច?

ទង្វើរបស់ក្រុមប្រឆាំងក្រៅច្បាប់នេះកំពុងបង្ហាញយ៉ាងច្បាស់ថាពួកគេកំពុងគាំទ្រទង្វើទន្ទ្រានឈ្លានពានយ៉ាងសាហាវរបស់យោធាចោរថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា និងកំពុងខ្ចីដៃពួកសត្រូវដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលបានកើតឡើងដោយការបោះឆ្នោតស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ។ តើនេះឬជាស្មារតីជាតិនិយមរបស់ក្រុមប្រឆាំងដែលតែងតែស្រែកក្តែងៗថាខ្លួនស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី និងស្រឡាញ់ប្រជាពលរដ្ឋនោះ?

សង្គ្រាមបង្កឡើងដោយក្រុមយោធាចោរថៃតាំងពីចុងខែឧសភា ឆ្នាំ២០២៥មកនេះ មានវីរយុទ្ធជន និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់គ្រប់វ័យបានបាត់បង់ជីវិត បានរងរបួស បានបាត់បង់ទ្រព្យសម្បត្តិខណៈប្រជាពលរដ្ឋប្រមាណជាងកន្លះលាននាក់ផ្សេងទៀតកំពុងភៀសខ្លួនទៅតំបន់សុវត្ថិភាព បន្ទាប់ពីក្រុមស្រេកឃ្លានសង្គ្រាមថៃបានបាញ់ផ្លោងដោយមិនរើសទីតាំង និងពេលវេលាតាមគ្រប់មធ្យោបាយដែលពួកវាមានរាប់ទាំងពីការទំលាក់គ្រាប់ពីយន្តហោះចម្បាំងថែមទៀតផងមកលើភូមិស្ថានរបស់ប្រជាពលរដ្ឋ។ តើមានទេ សាររំលែកទុក្ខរបស់ក្រុមប្រឆាំងចំពោះប្រជាពលរដ្ឋខ្មែរ? តើមានទេ សារសួរសុខទុក្ខចំពោះវីរកងទ័ពកម្ពុជាដែលកំពុងឈរជើងប្រយុទ្ធ និងការពារទឹកដីកម្ពុជាគ្រប់មីល្លីម៉ែត្រយ៉ាងអង់អាចក្លាហាននោះ? ត្រូវហើយ! រួមសុខ និងរួមទុក្ខជាមួយវីរកងទ័ព និងជាមួយប្រជាពលរដ្ឋកម្ពុជានៅគ្រប់កាលៈទេសៈណាក៏ដោយនោះមិនមែនជាអ្វីដែលក្រុមប្រឆាំងគ្មានកំណើតនេះប៉ងប្រាថ្នានោះទេ។ ពួកគេមានជំនាញតែលើការបោកប្រាស់ សន្យាខ្យល់ ត្រូវការតែសន្លឹកឆ្នោត បើមិនទទួលបានសន្លឹកឆ្នោតក៏បន្តរត់ចោលស្រុកទេសទៀតទៅ! នេះជាប្រពៃណីតាំងពីដើមរៀងមករបស់ពួកប្រឆាំង។

អស់លោកបានចងចាំឬទេ? សម័យសង្គមរាស្រ្តនិយមនៃព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ជាសម័យកាលរុងរឿងដែលបានផ្តល់ជីវភាពល្អប្រសើរ និងការរស់នៅសុខសាន្តដល់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែសម័យសង្គមរាស្រ្តនិយមមានអាយុកាលមិនដល់៣០ឆ្នាំផងក៏ត្រូវបានក្រុមមនុស្សដែលមានគំនិត និងបំណងប្រាថ្នាស្មោកគ្រោគដូចអស់លោកប្រឆាំងទាំងអស់គ្នានេះហើយដែលកម្ពុជាបានទើបប្រទះនូវវិនាសកម្មដោយសង្គ្រាម និរាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត និងបានធ្លាក់ចូលរណ្តៅអវិចីដែលបានកប់ជីវិតប្រជាពលរដ្ឋអស់ជាង៣លាននាក់ក្នុងរយៈពេលតែជាង៣ឆ្នាំប៉ុណ្ណោះ។ អស់លោកក្រុមប្រឆាំង ជាពិសេស អាមេបក្សបោកប្រាស់អាចនឹងមិនដឹងអំពីសោកនាដកម្មដែលប្រជាជាតិខ្មែរបានជួបប្រទះកាលសម័យខ្មែរក្រហមនោះទេព្រោះលោកកំពុងរស់នៅយ៉ាងសុខសប្បាយនៅប្រទេសបារាំង ផឹកស្រាក្រហម ឆីសាច់ក្រហម នំប៉័ង និងប៊ឺរខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយប្រទេសក្នុងសម័យដ៏ខ្មៅងងិតនោះរកតែបបរ និងទឹកស្អាតផឹកមិនបានផង។

សូមចាំថាកម្ពុជា ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ពីបាតដៃទទេ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបានពុះពារគ្រប់ឧបសគ្គចំពោះមុខដោយដៃម្ខាងត្រូវទប់ទល់នឹងសភាពការណ៍មិនអោយរបបប្រល័យពូជសាសន៍ខ្មែរក្រហមវិលមកជាថ្មី និងដៃម្ខាងទៀតត្រូវបង្ហកើតច្បាប់ និងគោលនយោបាយដើម្បីកសាងប្រទេសជាតិឡើងវិញ កសាងជីវភាពប្រជាជន កសាងហេត្ថារចនាសម្ព័ន្ធដែលបានរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាម និងជាពិសេសការបង្រួបបង្រួមជាតិខ្មែរឡើងវិញ។ រហូតដល់ឆ្នាំ១៩៩៨ កម្ពុជាបានរកឃើញសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ ឈ្នះដែលមានសម្តេចតេជោជាបិតាស្ថាបនិក និងអគ្គមគ្គុទេសឯកក្រោមការចូលរួមគាំទ្រ និងអនុវត្តន៍ដោយយកចិត្តទុកដាក់ និងស្មោះត្រង់បំផុតពីឥស្សរជនសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា។

សន្តិភាពនេះបានផ្តល់ក្តីអំណរដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីទាំងអស់រហូតដល់មានពាក្យថា«អរគុណសន្តិភាព» «អរគុណស្ថាបនិក និងអគ្គមគ្គុទេសឯកនៃនយោបាយឈ្នះ ឈ្នះ»។ ពិតណាស់! សន្តិភាពផ្តល់អោយកម្ពុជា មិនដល់៣០ឆ្នាំស្រួលបួលផង ទទួលបានឱកាសអភិវឌ្ឍ និងភាពរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្នុងនោះ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ជនបទដាច់ស្រយាល គ្មានអ្វីៗទាំងអស់ដូចជាផ្លូវ ស្ពាន មកជាតំបន់ប្រជុំជន មានផ្លូវប្រព័ន្ធទឹក ភ្លើង ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវគ្រួសក្រហម ស្ពានថ្មតូចធំខ្វាត់ខ្វែងដែលផ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ មានសាលារៀនគ្រប់កម្រិត មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម តំបន់រដ្ឋបាលដែលរាប់មិនអស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា។ អគារធំតូច ខ្ពស់ទាបជាច្រើនបានរីកដុះដាលដូចផ្សិតនៅក្នុងរាជធានី និងនៅតាមទីប្រជុំនៅទូទាំងប្រទេស រីឯជីវភាពប្រជាពលរដ្ឋក៏មានភាពរីកចំរើនផងដែរ។

រៀបរាប់មិនទាន់អស់ប៉ុណ្ណេះ យើងអាចមើលឃើញគុណសម្បត្តិ និងការគិតគូរជាតិ និងប្រជាពលរដ្ឋជាធំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជារួចស្រេចទៅហើយ។ ចុះអស់លោកក្រុមប្រឆាំងវិញ? តើបានធ្វើអី្វខ្លះ ក្រៅពីខ្ជះខ្ជាយពេលវេលាដើរចាក់រុក មួលបង្កាច់ ញុះញង់ និងបំផ្លាញជាតិខ្មែរនោះ?

ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកម្ពុជាកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការទន្ទា្រនឈ្លានពានទឹកដីពីសំណាក់យោធាថៃ អស់លោកគួរតែធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋដែលកំពុងត្រូវជំនួយ ដែលកំពុងរស់នៅក្រោមកៅស៊ូតង់ដោយមិនដឹងថាពេលណាចប់សង្គ្រាម មិនដឹងថាពេលណាអាចត្រឡប់ទៅផ្ទះ និងអាចត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិត និងកូនៗរបស់ពួកគាត់អាចទៅសាលារៀនវិញបាន។ អស់លោកពិតជាសប្បាយចិត្តណាស់មែនទេនៅពេលឃើញកម្ពុជាត្រូវរងនូវការឈ្លានពានយ៉ាងព្រៃផ្សៃពីយោធាថៃ នៅពេលឃើញប្រជាពលរដ្ឋរងទុក្ខវេនា បង្ខំចិត្តចាកចោលផ្ទះសម្បែង ចោលថ្នាលកសិកម្ម ចោលការប្រកបរបរចិញ្ចឹមជីវិត ចោលសាលារៀន និងព្រាត់ប្រាស់ក្រុមគ្រួសារ? ខួរក្បាលរបស់អស់លោកកាន់តែចាស់ ស្ពឹក គិតមិនបានវែងឆ្ងាយដែលខុសពីក្រុមយុវជនស្នេហាជាតិ ស្នេហាទឹកដី ស្នេហាប្រជាជនពិតប្រាកដ។

ពួកគេបានរួមគ្នាជាមហាកម្លាំងសាមគ្គីជាតិខ្មែរតែមួយ រួមរស់ជាមួយគ្នា ក្រោមដំបូលនៃរាជរដ្ឋាភិបាល ទុកចិត្តថ្នាក់ដឹកនាំជាតិគ្រប់មជ្ឈដ្ឋានក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺការផ្សារភ្ជាប់សមាណចិត្តរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាមួយបងៗវីរកងទ័ពដែលកំពុងប្រយុទ្ធសការពារទឹកដីជាមួយខ្មាំងសត្រូវនៅសមរភូមិ ជាមួយក្រុមគ្រួសារកងទ័ព និងជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកមុខតាមរយៈការផ្តល់ការជួយឧបត្ថម្ភនានា ផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ។ ចុះអស់លោកវិញ បានជួយអីខ្លះទេក្រៅពីឆ្លៀតឱកាសកេងចំណេញនយោបាយ វាយប្រហារតាមរយៈពាក្យសម្តីអត់បានការរបស់អស់លោកនោះ? អស់លោកមានបានយកភ្នែកមើល ត្រចៀកស្តាប់ទេថាពេលនេះ បងប្អូនប្រជាពលរដ្ឋភៀសសឹក បងៗវីរយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសរួមទាំងថ្នាក់ដឹកនាំជាតិផង តើពួកគាត់កំពុងលំបាកទាំងផ្លូវចិត្ត និងផ្លូវកាយយ៉ាងណាក្នុងការទប់ទល់ និងដោះស្រាយការឈ្លានពានរបស់យោធាចោរថៃខណៈប្រទេសទាំងអស់នៅលើពិភពលោកកំពុងត្រេកត្រអាល សប្បាយរីករាយនឹងពិធីបុណ្យណូអ៊ែល និងអំណរសាទរឆ្នាំថ្មី ឆ្នាំសាកលដែលនឹងមកដល់ក្នុងពេលឆាប់ៗ។

អស់លោកបានឃើញទេថាបេតិកភណ្ឌវប្បធម៌របស់ជាតិ ហេត្ថារចនាសម្ព័ន្ធផ្លូវ ស្ពាន អគាររដ្ឋបាល ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញអស់ជាច្រើនឥតគណនាដោយការឈូសឆាយ និងបាញ់ផ្លោងរបស់យោធាចោរថៃ។ អស់លោកបានប្រើខួរគិតថាតើរាជរដ្ឋភិបាលនឹងត្រូវចំណាយរយៈពេលប៉ុន្មានឆ្នាំ និងថវិកាអស់ប៉ុន្មានក្នុងការកសាង និងស្តារហេត្ថារចនាសម្ព័ន្ធទាំងនោះឡើងវិញ? សូមព្យាយាមគិតអ្វីវិជ្ជមានដែលផ្តល់ផលប្រយោជន៍ជូនចំពោះជាតិ មាតុភូមិ ជាពិសេស មើលឃើញនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលដែលសម្រេចបាន។ កុំព្យាយាមគិតថានៅពេលអស់លោកឡើងមកកាន់អំណាច ប្រជាជាតិខ្មែរបានសុខអោយសោះ។ កង់ប្រវត្តិសាស្ត្រអាចវិលទៅរកដានចាស់ដូចកាលពីឆ្នាំ១៩៧០ដល់១៩៧៥ និងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ សូមអស់លោកក្រុមប្រឆាំងជ្រុលនិយមទាំងឡាយកុំគិតងាយអោយសោះ!

ដោយ៖ មេទ័ពការពិត