បណ្ឌិត គិន ភា៖ «ភ្លើងគ្មានអណ្ដាត កម្ដៅគ្មានផ្សែង និងភារកិច្ចចំពោះមុខរបស់យើង»

ដោយបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់នៃមាតុភូមិយើង «ភ្លើងគ្មានអណ្ដាតនិងកម្ដៅគ្មានផ្សែង» គឺជា​សញ្ញាណ​នៃសង្គ្រាម​ឈ្លានពានរបស់ថៃ ដែល​អនុវត្តមកលើទឹកដីខ្មែរយើងអស់រាប់​សតវត្សរ៍មក​ហើយ។ ការឈឺចាប់​របស់​ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ គឺជា​ដំបៅ​ដែលកប់ដ៏សែនជ្រៅ​ក្នុងបេះដូង​ឈាមជ័រ​ខ្មែរគ្រប់រូប ដែលវាមិនងាយនឹងព្យាបាល​ឱ្យ​ជា​សះស្បើយបានឡើយ។

ចាប់តាំងពីសតវត្សរ៍ទី១៣​មក មហិច្ឆតាវាតទីនិយមរបស់ថៃបានលេបត្របាក់​ទឹកដី​មាតុភូមិ​យើង​អស់ជិត​៤០​ខេត្ត ហើយរហូតមកដល់បច្ចុប្បន្ន ឧបាយកលដ៏ខ្មៅកខ្វក់ក្នុង​គោល​បំណង​​រំលោភបំពាន​អធិបតេយ្យ​​ជាតិយើងនៅតែបន្តកើតមានយ៉ាងគឃ្លើន។ ជាក់ស្តែង ក្នុង​រយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីចុង​ខែឧសភា ឆ្នាំ២០២៥ មក​ ដើម្បី​​បម្រើមហិច្ឆតាឈ្លាន​ពាន​និង​លេបត្របាក់ទឹកដីខ្មែរយើងឱ្យខាងតែបាន ថៃបាន​ប្រព្រឹត្ត​នូវ​អំពើសាហាវ ​ឃោរឃៅ ព្រៃផ្សៃ និង​អមនុស្សធម៌​បំផុត។

មហិច្ឆតារបស់សត្រូវមិនត្រឹមតែសំដៅលើការលេបត្របាក់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែពួក​គេ​បាន​ប្រើ​ប្រាស់​គ្រប់មធ្យោបាយដ៏ពិសពុល ដើម្បីជីករំលើងឫសគល់នៃជាតិសាសន៍ខ្មែរ​យើង។ សត្រូវប្រើប្រាស់​កាំភ្លើងធំធុនធ្ងន់ យន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងឧស្ម័នពុល ដើម្បី​សម្លាប់រង្គាល​ប្រជាជននិងវីរកងទ័ព​យើងយ៉ាង​អមនុស្សធម៌។ ពួកគេបានកម្ទេច​សាលា​រៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន ផ្ទះសំបែង និង​ភូមិករប្រជាជនខ្មែរយើងឱ្យក្លាយជាផេះផង់ ជាពិសេស​បានបាញ់និងទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទ​បុរាណ ដែលជា​ព្រលឹងជាតិយើង​ស្ទើរ​តែរាបដល់ដី។

វីរកងទ័ពយើងដែលឈរជើងការពារមាតុភូមិ ត្រូវបានពួកគេសម្លាប់ក្នុងរូបភាព​ដ៏​សាហាវ ឃោរឃៅ យង់​ឃ្នង និងប្រើឧបាយកលចាប់ឃុំខ្លួនធ្វើទារុណកម្មយ៉ាងថោកទាប​បំផុត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ​បានយកបន្លាលួសនិងទូកុងតឺន័រមកហ៊ុមព័ទ្ធបិទជិត ក្នុង​បំណងប្លន់​យកភូមិករនិងទីអារាមសក្ការៈ ​ដែល​ប្រជាជនខ្មែរបានតាំងទីលំនៅនិងគោរព​បូជា​រាប់​ជំនាន់​មកហើយ។

តាមរយៈមហិច្ឆតាវាតទីនិយមតពូជ ពួកគេបានគូសផែនទីដោយឯកតោភាគី ដើម្បី​ប្លន់យក​ទឹក​ដីខ្មែរ​តាម​តែទំនើងចិត្ត ព្រមទាំងប្រើល្បិចកលលាបពណ៌សម្អុយឈ្មោះ​កម្ពុជាលើ​ឆាកអន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀតផង។ នេះគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ នៅមាន​រូបភាព​ដ៏អាក្រក់ សាហាវ ព្រៃផ្សៃ ឃោរឃៅ និង​ពិសពុលជាច្រើនទៀត ដែលពួកគេបាន​និង​កំពុងបន្តធ្វើមកលើប្រជាជាតិយើងដោយឥតឈប់ឈរ។

សោកនាដកម្មនៃសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃ បានបន្សល់​ទុក​នូវ​​របួសដួង​ចិត្តយ៉ាង​ខ្លោចផ្សាបំផុត។ គ្រួសារខ្មែររាប់រយបាន​បាត់បង់សសរទ្រូងនៃគ្រួសារ ដែល​ជាឪពុក ស្វាមី និង​កូនចៅ ដែលជាវីរកងទ័ពបានបូជាសាច់​ស្រស់ឈាមស្រស់​ក្នុង​សមរភូមិ ដើម្បីការពារបូរណភាពទឹកដី។ ជាមួយ​គ្នានេះ ក្រុមគ្រួសារប្រជាជន​ស៊ីវិល​ជាច្រើន​ទៀត ក៏បាន​រ​ងនូវទុក្ខវេទនាឥតឧបមា ដោយការ​បាត់បង់​សាច់​ញាតិជាទីស្រឡាញ់ និង​ការ​ធ្លាក់​ខ្លួន​ក្នុង​ស្ថានភាពរបួសពិការ​​ដោយសារ​ការបាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់ទាហានថៃ។

ប្រាសាទបុរាណត្រូវខ្ទេចខ្ទាំ ស្ពានត្រូវបាក់បែក ផ្លូវត្រូវកាត់ផ្ដាច់ វត្តអារាម មន្ទីរពេទ្យ សាលារៀន និងភូមិករ ត្រូវបានបំផ្លិចបំផ្លាញនិងដុតកម្ទេច​ឱ្យក្លាយជាផេះផង់។ ទ្រព្យសម្បត្តិ​និងលុយកាក់​ដែល​ប្រជាជន​ខ្មែរយើងខិតខំ​សន្សំ​មួយជីវិត ត្រូវបានទាហានឈ្លានពានលួចប្លន់​យកទៅអស់ស្ទើរ​គ្មាន​​សល់។

នៅចំពោះមុខយើងនាពេលនេះ ប្រាសាទបុរាណដែលធ្លាប់ជាទីសក្ការៈ នៅសល់ត្រឹម​តែគំនរ​ថ្មបាក់បែក, ស្ពាន​សល់ត្រឹម​តែបង្គោល​​គ្មានមនុស្សឆ្លង ផ្លូវដែលធ្លាប់តែអ៊ូអរដោយ​មធ្យោបាយធ្វើដំណើរនានា ប្រែជាស្ងាត់ជ្រងំគ្មានមនុស្សដើរ, វត្តអារាមធ្លាប់តែ​ឮសំឡេងធម៌​និង​ជាទីបង្អែកខាងផ្នែកស្មារតី ប្រែក្លាយ​ជាទីស្ងប់ស្ងាត់​លែងមាន​ព្រះសង្ឃគង់នៅ, មន្ទីរពេទ្យ​ដែលធ្លាប់ជាមជ្ឈមណ្ឌលស្រោចស្រង់ជីវិតមនុស្ស ប្រែក្លាយជាទីស្មសានគ្មាន​គ្រូពេទ្យនិង​អ្នក​ជំងឺ, សាលារៀនដែលធ្លាប់តែឮ​សូរសំឡេង​សូត្រមេរៀន​​របស់​សិស្ស​និងសំឡេងទូន្មានរបស់គ្រូ ប្រែក្លាយជាស្ងាត់ជ្រងំជាមួយនឹងអគារបែកបាក់, ចំណែកឯផ្ទះសំបែងដែល​ធ្លាប់ជាលំនៅដ៏​សុខសាន្ត សល់ត្រឹម​សំណល់បែកបាក់និង​ផេះផង់​ដែលហុយ​តាមខ្យល់។ ជនភៀសសឹកនៅ​សល់​ត្រឹមតែសម្បកខ្លួនជាមួយនឹងដំបៅដួងចិត្តដ៏សែនជ្រៅ និង​ជំងឺតក់ស្លុតដ៏ធ្ងន់ធ្ងរ​ដែលមិន​ដឹងថ្ងៃណាអាច​ជាសះស្បើយ។

ប្រជាជនស៊ីវិលជាងកន្លះលាននាក់ ខ្លះកំពុងរស់នៅយ៉ាងវេទនាក្នុងមណ្ឌលភៀសសឹក ជាមួយ​នឹង​សេចក្តីភ័យ​តក់ស្លុតដែលតាមលងបន្លាចពួកគេគ្រប់ដង្ហើមចេញចូល។ ស្រមោល​នៃភ្លើងសង្គ្រាម​ឈ្លានពាន សូរគ្រហឹម​នៃយន្តហោះ​ចម្បាំង និងស្នូរគ្រាប់ផ្លោងដែលបុក​ផ្ទុះ​កម្ទេច​ភូមិករនិងផ្ទះសំបែង នៅតែបន្ត​រង្គោះ​រង្គើ​លងបន្លាចដួង​ព្រលឹងពួក​គេរៀងរាល់យប់ថ្ងៃ។

ក្នុងស្ថានភាពដែលគ្មានភាពប្រាកដប្រជានេះ ពួកគេរស់នៅទាំងមន្ទិលថា មិនដឹង​ថ្ងៃ​ណា​នឹង​បាន​វិល​ត្រឡប់ទៅកាន់ផ្ទះសម្បែងជាទីមនោរម្យ​ដែលដូនតាធ្លាប់រស់នៅរាប់ជំនាន់មក​ហើយ​វិញ? អ្វីដែល​កាន់តែ​ខ្លោចផ្សា គឺការប្រឈមនឹងការចាប់ផ្តើមជីវិតជាថ្មីដោយ​បាតដៃ​ទទេ ស្របពេលដែលបន្ទុក​បំណុលធនាគារ​កំពុងជិះជាន់ពីលើ រឹតតែធ្វើឱ្យអនាគត​របស់​ពួក​គេកាន់តែងងឹតសូន្យសុង។

សម្រាប់សហគមន៍អន្តរជាតិ ការស្ងាត់ស្នូរគ្រាប់កាំភ្លើង ភ្លើងសង្គ្រាមលែងមានអណ្តាត ផ្សែងនៅ​សមរភូមិលែងហុយគ្របដណ្ដប់មេឃ យើងអង្គុយនៅ​តុចរចា ក្រដាសពីរបីសន្លឹក​ត្រូវបានចុះហត្ថលេខា នោះ​គេ​សន្មតថា ជាជោគជ័យហើយ សង្គ្រាមចប់ហើយ។

សម្រាប់យើង នៅមានបញ្ហារាប់ពាន់ជំពូកដែលត្រូវរួមគ្នាដោះស្រាយ​ដោយស្មារតីភ្ញាក់​រឭក។ សន្តិភាព​ដែលចារឹកត្រឹមតែនៅលើក្រដាស វាមិនទាន់អាចលុបលាងស្នាម​ឈាមដែល​បានហូរ និងព្យាបាល​ដំបៅដួង​ចិត្តដ៏សែនជ្រៅរបស់ប្រជាជាតិរងគ្រោះបាននៅឡើយទេ។

ក្រដាស​ពីរបីសន្លឹកនេះ​មិន​​អាចពន្លត់ភ្លើ​​ងសង្គ្រាមឈ្លានពានដ៏សន្ធោសន្ធៅ ដែល​សត្រូវ​តែងតែដុត​បញ្ឆេះមកលើជាតិសាសន៍យើងនោះឡើយ។ សត្រូវឈ្លានពាននៅតែ​ព្យាយាម​បង្កើតលេស និងរៀបចំ​សេណារីយោសព្វបែបយ៉ាង ដើម្បីបញ្ឆេះ​សង្គ្រាមឈ្លានពាន​របស់ពួក​គេ​សាជាថ្មីទៀតគ្រប់ពេលវេលា។ ក្រដាសពីរបីសន្លឹកនេះ វាមិនអាចបិទបាំងមហិច្ឆតាវាតទី​និយម​​ដែលចាក់ឫសរាប់សតវត្សរ៍របស់ថៃ​មកលើ​ទឹក​ដីខ្មែរបានឡើយ។

ទោះជាយ៉ាងណា យើងមិនត្រូវបណ្ដោយឱ្យជាតិសាសន៍យើងធ្លាក់ក្នុងភាពទ័លច្រក ឬ​សម្ងំស្ងៀមឱ្យ​សត្រូវមកជាន់ឈ្លី រំលោភបំពាន និងប្រមាថមកលើអធិបតេយ្យភាពជាតិ​យើង​តាមអំពើចិត្តនោះឡើយ។ ភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់នាពេលនេះ គឺការ​ប្រញាប់​​ប្រញាល់ស្ដារនិងកសាងឡើងវិញនូវ​ហេដ្ឋា​រចនាសម្ព័ន្ធនានាដែលត្រូវបាន​បំផ្លិច​បំផ្លាញ។ យើង​ត្រូវរៀបចំទីជម្រក បង្កើតមុខរបរ និងផ្ដល់ដើមទុន​ដល់បងប្អូនជនភៀសសឹក​ដែលបាន​បាត់​បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិក្រោមអំពើបំផ្លិចបំផ្លាញរបស់ទាហានថៃ ដើម្បីផ្ដល់ក្ដីសង្ឃឹម​និង​ជីវិតថ្មីដល់ពួកគាត់ឡើងវិញ។

សាលារៀនត្រូវតែកសាងឡើងវិញដើម្បីឱ្យកុមារបានបន្តការសិក្សា មន្ទីរពេទ្យត្រូវស្ដារ​ឡើងវិញ ដើម្បី​ព្យាបាលនិងថែទាំសុខភាពប្រជាជន ហើយវត្តអារាមត្រូវតែកសាងឡើងវិញ​ដើម្បីជាទីសក្ការៈបូជា និងជា​បង្អែក​ស្មារតី។ ទន្ទឹមនឹងនេះ យើងត្រូវតែអំពាវនាវយ៉ាង​ទទូច​ដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជួយជួស​ជុល​ប្រាសាទ​បុរាណរបស់យើងឡើងវិញ ព្រោះ​សម្បត្តិ​វប្បធម៌ទាំងនេះគឺជាបេតិកភណ្ឌរបស់​មនុស្សជាតិលើ​ភពផែនដីទាំងមូល មិនមែន​ជា​របស់ខ្មែរតែម្នាក់ឯងនោះទេ។

ជាមួយគ្នានោះដែរ យើងត្រូវតែតស៊ូតាមផ្លូវច្បាប់យ៉ាងដាច់អហង្ការបំផុត ដើម្បី​បង្ខំ​ឱ្យ​ភាគីថៃសង​យុត្តិធម៌ និងប៉ះប៉ូវ​រាល់ការខូចខាតទាំងឡាយណា​ដែលបង្កឡើងដោយ​សង្គ្រាម​ឈ្លាន​ពានរបស់ពួក​គេមក​លើ​ប្រជាជាតិយើង។ យុត្តិធម៌ត្រូវតែ​មានសម្រាប់ជាតិសាសន៍​ខ្មែរ​យើង។

ឆ្លើយតបចំពោះមេរៀន​ដ៏ជូរចត់និងដ៏សែនឈឺចាប់នៃអំពើឈ្លានពានរបស់ថៃនេះ និង ចំពោះមុខសណ្ដាប់ធ្នាប់ពិភពលោកមិនប្រាកដប្រជា យើងត្រូវតែរួម​សាមគ្គីគ្នា​ជាធ្លុងមួយ​ដើម្បី​កសាងជាតិយើងឱ្យខ្លាំង រឹងមាំ និងមានភាពម្ចាស់ការទាំងស្រុងលើជោគវាសនាខ្លួនឯង។ យើង​ត្រូវតែមាន​ភាពក្លាហានក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរដ្ឋឱ្យបានស៊ីជម្រៅ ព្រោះកំណែ​ទម្រង់​ផ្ទៃក្នុងដ៏ពិតប្រាកដ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុត​សម្រាប់​ពង្រឹ​ង​ភាពរឹងមាំនៃជាតិសាសន៍​យើង។

យើងមិនត្រូវការគ្រាន់តែគោលនយោបាយដែលតាក់តែងឡើងយ៉ាងពិរោះ​ត្រឹម​តែ​នៅ​លើ​ក្រដាស​ទេ ប៉ុន្តែអ្វីដែលយើងត្រូវការជាចាំបាច់គឺគោលនយោបាយដែលអាច​អនុវត្ត​បាន​និង​ផ្ដល់លទ្ធផលជាក់ស្ដែងជូនប្រជាជននិងសង្គមជាតិ។ ជាចំណាត់ការអាទិភាពចំពោះមុខ យើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់និង​លុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ដែលជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់រាស្ត្រ និង​ធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយ​ចំពោះ​មុខសត្រូវឈ្លានពាន។

ទន្ទឹមនឹងនេះ យើងត្រូវតែហ៊ានប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ «គុណា​ធិបតេយ្យ» (Meritocracy) ឱ្យបានពិតប្រាកដ​និងមានឆន្ទៈមោះមុតក្នុងការលុបបំបាត់​រចនាសម្ព័ន្ធរដ្ឋបាល​និងមុខតំណែងសំពីងសំពោងដែលលើសពីសេចក្ដីត្រូវការជាក់ស្ដែង និង​ដែលកំពុងបង្ហិនថវិកាជាតិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុងមួយខែៗ។ រដ្ឋបាលជាតិមានបរិយាបន្ន ស្អាតស្អំ និងមានប្រសិទ្ធភាព គឺជាមូលដ្ឋាន​គ្រឹះនៃភាពធន់នៃស្ថាប័នជាតិ។

យើងត្រូវតែធ្វើកំណែទម្រង់វិស័យការពារជាតិជាបន្ទាន់និងស៊ីជម្រៅបំផុត។ វិស័យ​ការពារជាតិមួយ​ដែលរឹងមាំ មិនមែន​អាស្រ័យតែទៅលើការបំពាក់នូវសព្វាវុធ​និងបច្ចេកវិទ្យា​ទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែ​អ្វីដែលជាគ្រឹះដ៏សំខាន់បំផុត គឺការកសាងកងទ័ពដែល​មានវិន័យម៉ឺងម៉ាត់ មានវិជ្ជាជីវៈខ្ពស់ និងមាន​ស្មារតី​ស្នេហាជាតិឥតងាករេ។

ទន្ទឹមនឹងនេះ យើងត្រូវតែបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ពឱ្យអស់ ដើម្បី​ធានាថា ជីវភាព​និង​សុខុមាលភាពរបស់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ត្រូវ​បានយកចិត្ត​ទុកដាក់ខ្ពស់បំផុត។ កងទ័ពដែលខ្លាំងពិតប្រាកដ គឺជាកងទ័ពដែលប្រជាជន​ស្រឡាញ់ពេញចិត្ត​និងជា​កងទ័ព​ដែលសត្រូវកោត​ញញើតគ្រប់ពេលវេលា។

យើងត្រូវតែធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិឱ្យមានពិពិធភាពនិងភាពធន់ខ្ពស់បំផុត។ យើងមិនអាច​បន្ត​ពឹង​ផ្អែក​លើដង្ហើមសេដ្ឋកិច្ចតែមួយច្រកឬផ្អែក​លើការអនុគ្រោះពី​បរទេស​បានទៀតឡើយ។ យើងត្រូវតែ​កសាងគ្រឹះនៃភាពធន់តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច​ឱ្យបាន​ទូលំទូលាយ ពង្រឹងផលិតកម្មក្នុងស្រុកឱ្យ​មាន​ភាព​ម្ចាស់ការ និងកាត់បន្ថយជាអតិបរមានូវ​ការនាំចូលទំនិញពីប្រទេសដែលកំពុងឈ្លានពានយើង។ សេដ្ឋកិច្ចដែលខ្លាំងនិង​មានភាព​ឯករាជ្យ គឺជាបង្អែកដ៏មានឥទ្ធិពលបំផុតសម្រាប់វិស័យការពារជាតិដ៏រឹងមាំ និងជាខែល​ការពារអធិបតេយ្យជាតិឱ្យបានគង់វង្ស។

យើងត្រូវតែផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការកសាងមូលធនមនុស្ស ដើម្បីជាគ្រឹះនៃ​អំណាច​ជាតិ​យើង។ យើងត្រូវតែបណ្ដុះបណ្ដាលយុវជនឱ្យមានគុណភាព​និងផលិតភាពខ្ពស់​ប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ គុណធម៌ សុខភាពល្អមាំមួន និងមានមនសិការស្នេហាជាតិដ៏មុតស្រួច។ ក្នុងន័យនេះ រដ្ឋនិងវិស័យឯកជនត្រូវតែចាប់ដៃ​គ្នាបង្កើត «មូលនិធិកសាងមូលធនមនុស្សកម្រិតខ្ពស់» ដោយ​ចាក់បញ្ចូលថវិកាយ៉ាងសន្ធឹក​សន្ធាប់​ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ថ្នាក់ឧត្តមសិក្សា និងថ្នាក់​ក្រោយឧត្តម​សិក្សា។

យើងត្រូវមានកម្មវិធីផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ដើម្បីបញ្ជូននិស្សិតឆ្នើមទៅសិក្សា​នៅសាកល​វិទ្យាល័យ​ល្បីៗជុំវិញពិភពលោក ព្រមទាំងត្រូវពង្រឹងនិងបង្កើតសាកលវិទ្យាល័យ​ដែលមានគុណភាព​កម្រិត​អន្តរជាតិនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីបណ្ដុះធនធាន​យុវជន​បន្តវេន។ យុវជនគឺជាកម្លាំងចលករ​ដ៏​សំខាន់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាព​ទឹកដីដែលនៅសេសសល់និងជាអ្នកលាងជម្រះនូវភាពអាម៉ាស់ពីអតីតកាល។

យើងត្រូវបណ្តុះស្មារតីសាមគ្គី ឯកភាពជាតិ និងទស្សនវិជ្ជា ដើម្បីមនុស្សជំនាន់ក្រោយ។ សាមគ្គីនិង​ឯកភាពជាតិ គឺជាខែលការពារមាតុភូមិដ៏មានអានុភាពបំផុត។ ក្នុងន័យនេះ យើង​ត្រូវតែលុបបំបាត់ការ​រើសអើងនយោបាយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលផ្តល់​ឱកាស​ឱ្យសត្រូវរុញច្រានមហិច្ឆតារបស់ពួកគេ និងត្រូវលើកកម្ពស់យុត្តធម៌សង្គម។

យើងត្រូវគិតគូរដល់អនាគតយូរអង្វែងសម្រាប់ជាតិយើង។ អ្នកដឹកនាំនិង​អ្នក​នយោបា​យ​គ្រប់​និន្នាការ ត្រូវគិតដល់ «មនុស្សជំនាន់ក្រោយ» ជាធំ ជាជាងគិតតែពីការឈ្នះឆ្នោតក្នុង «អាណត្តិក្រោយ»។ អ្នកដឹកនាំនិងអ្នកនយោបាយត្រូវប្រាកដក្នុងចិត្តថា ការសម្រេចចិត្តរបស់​ខ្លួន​នៅថ្ងៃនេះត្រូវធានាថា កូនខ្មែរ​រាប់រយរាប់ពាន់ឆ្នាំខាងមុខ នៅតែមានទឹកដីរស់នៅនិង​មាន​កិត្តិយសលើឆាកអន្តរជាតិ។

ទន្ទឹមនឹងការកសាងកម្លាំងផ្ទៃក្នុង យើងត្រូវតែធ្វើពិពិធកម្មការទូត និងប្រកាន់ខ្ជាប់នូវ​នយោបាយ​ការបរទេស​ដែលឆ្លាតវៃ (Smart), បត់បែន (Flexible), រហ័សរហួន (Agile), ប្រកប​ដោយគោលការណ៍ (Principled) និងជាក់ស្តែងនិយម (Pragmatic) ដោយឈរលើមូលដ្ឋាន​នៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដើម្បី​កសាងរបងការពារអធិបតេយ្យជាតិ និងធានាការពារផល​ប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ​ឱ្យបាន​ជាដាច់​ខាត។

នយោបាយ​ការបរទេសនេះមិនត្រឹមតែជាការចរចានៅលើតុប៉ុណ្ណោះទេ ប៉ុន្តែគឺជា​សមរភូមិ​​ការពារ​ជាតិដោយមិនប្រើគ្រាប់កាំភ្លើង ដែលត្រូវប្រើប្រាស់យន្តការ​ច្បាប់និង​សម្ព័ន្ធ-​ភាព​អន្តរជាតិ​ដើម្បី​លាត​ត្រដាងមហិច្ឆតាវាតទីនិយមគ្រប់រូបភាព ព្រមទាំងជំរុញ ការទូត សេដ្ឋកិច្ចឱ្យមានភាពម្ចាស់ការ ដើម្បី​ពង្រឹង​សំឡេងរបស់ខ្មែរយើងលើឆាកអន្តរជាតិ ឱ្យកាន់ តែមានអំណាចនិងសេចក្តីថ្លៃថ្នូរ។

ទន្ទឹមនឹងនេះ យើងត្រូវតែលើកកម្ពស់ការទូតព័ត៌មានឱ្យបានមុតស្រួចតាមរយៈ​ការ ពង្រឹងប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក និងការតភ្ជាប់យ៉ាងសកម្មជាមួយបណ្តាញសារព័ត៌មាន អន្តរជាតិធំៗ ដើម្បីបកស្រាយ​សច្ចភាពនិងផ្សព្វផ្សាយរូបភាពវិជ្ជមាន ពីកម្ពុជាទៅកាន់ ពិភព លោក។ យើងត្រូវប្រើប្រាស់ឥទ្ធិពលនៃ​ព័ត៌មាន​ពិត ជាអាវុធយុទ្ធសាស្ត្រសម្រាប់វាយបក ទៅ​នឹង​រាល់ការបំភ្លៃការពិត និងល្បិចលាបពណ៌សម្អុយឈ្មោះ​ពីសំណាក់សត្រូវឈ្លានពាន ព្រម​ទាំង​បង្ហាញឱ្យពិភពលោកបានឃើញច្បាស់នូវភាពត្រឹមត្រូវ យុត្តិធម៌ និងឆន្ទៈដ៏មោះមុតរបស់​ប្រជាជាតិយើងក្នុងការការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យជាតិ។

ជារួម យើងត្រូវដក់ជាប់ក្នុងមនសិការជានិច្ចថា ភ្លើងសង្គ្រាមមិនមែនរលត់ទៅវិញ​ត្រឹមតែនៅពេល​ដែលស្នូរអាវុធត្រូវបានស្ងប់ស្ងាត់នោះឡើយ ប៉ុន្តែវានៅតែបន្តឆេះរោលរាល​ក្នុង​សុខភាពផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ច និងជោគវាសនាអនាគតរបស់ប្រជាជនខ្មែរគ្រប់រូប។ មានតែ​តាមរយៈការកសាងជាតិឱ្យរឹងមាំពីខាងក្នុង តាមរយៈការសម្អាតផ្ទះយើងឱ្យស្អាត លុបបំបាត់​អំពើពុករលួយនិងបក្សពួកនិយម​ឱ្យអស់ពីប្រព័ន្ធ​អភិបាល​កិច្ច​រដ្ឋ ការពង្រឹងខឿនសេដ្ឋកិច្ច ការ​អភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់​ខ្ជាប់​នយោបាយ​ការបរទេស​ឆ្លាតវៃ និងពង្រឹងការទូតព័ត៌មាន​ដើម្បីផ្សាយសច្ចភាព​ពីកម្ពុជាទៅកាន់ពិភព​លោក ព្រមទាំង​ការរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងការពង្រឹងឯកភាពជាតិដ៏រឹងមាំដ៏ពិតប្រាកដប៉ុណ្ណោះ ទើប​ជា​ខែលប្រកបដោយមហានុភាព ដែលគ្មានមហិច្ឆតាឈ្លានពានណាមួយអាចមកបំបែក​បំបាក់​ឬបំផ្លាញ​អធិបតេយ្យ​និងបូរណភាពទឹកដីយើងបានឡើយ៕