ឯកឧត្តម គួច វែងស្រ៊ុន៖ អ្វីដែលខុសនិងផ្ទុយពីផលប្រ​យោ​ជន៍ជាតិ គឺក្រុម​ប្រឆាំង​តែងតែ​សកម្ម​ធ្វើជានិច្ច

ក្រុមគណបក្សប្រឆាំងដែលជាបក្សពួករបស់ទណ្ឌិត សម រង្ស៊ី តែងតែបន្តដើរស្វែងរកការដាក់ទណ្ឌកម្មបន្ថែមមកកម្ពុជា បំផ្លាញផលប្រយោជន៍ជាតិ ពិសេសបាននឹងកំពុងបង្កើតចលនាញ៉ុះញ៉ង់ ប្រជាពលរដ្ឋឲ្យធ្វើអំពើខុសច្បាប់ និងឈានទៅបំផ្លាញរូបិយវត្ថុជាតិរបស់ខ្លួនឯង ពោលគឺអ្វីដែលខុស និងផ្ទុយពីផលប្រយោជន៍ជាតិ និងសង្គម គឺក្រុមទណ្ឌិត សម រង្ស៊ី តែងតែសកម្មធ្វើជានិច្ច។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅលបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ។

ឯកឧត្តម គួច វែងស្រ៊ុន បានបន្តថា សង្គ្រាមពាណិជ្ជកម្មបានបង្កឡើងទូទាំងពិភពលោក ក្នុងនោះកម្ពុជា ក៏ត្រូវបានទទួលរងផលប៉ះពាល់នេះផងដែរ។ រាជរដ្ឋាភិបាល បានខិតខំយ៉ាងសកម្មដើម្បីចរចារផង ដោះស្រាយផង និងជំរុញការវិនិយោគផង រហូតឈានដល់ការវិវត្តទៅមុខជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងអស់កុំធ្វើតាមការញ៉ុះញ៉ង់ក្រុមគណបក្សប្រឆាំងដែលជាបក្សពួករបស់ទណ្ឌិត សម រង្ស៊ី ដែលនេះជាការរុញពលរដ្ឋទៅធ្វើអំពើខុសច្បាប់ ហើយមានបញ្ហាដល់ខ្លួន និងសង្គមជាតិ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមគណបក្សប្រឆាំងដែលជាបក្សពួករបស់ទណ្ឌិត សម រង្ស៊ី នៅក្រៅប្រទេសទៅអួតដោយមោទកភាពថា ពួក​គេបាន​ទៅប្រាប់សភាអឺរ៉ុប​ឲ្យសម្រេចដាក់ទណ្ឌកម្មលើរដ្ឋាភិបាលខ្មែរ ខណៈកម្ពុជាកំពុងប្រឈមនឹងពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិក ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។

ទង្វើនេះត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីហួសចិត្តនឹងក្រុមប្រឆាំងដែលនាំគ្នាទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យដាក់សម្ពាធពាណិជ្ជកម្មលើកម្ពុជានេះ ហើយចាត់ទុកទង្វើនេះ​គឺមិនបានជួយអ្វីដល់កម្ពុជា ប្រៀបបាននឹងយកជើងរាទឹកថែមទៀត នាំការលំបាកសម្រាប់ជាតិ និងប្រជាជន៕

អត្ថបទ៖ ពុទ្ធិកា