ឯកឧត្តម ឃ្លាំង ហួត ៖ នាយករដ្ឋមន្រ្តីស្ដីទីថៃបច្ចុប្បន្ន ធ្លាប់អមលោកស្រី ផែថងថាន រង់ចាំសម្ដេចតេជោ ៤ម៉ោង ដើម្បីសុំចរចាតាមទូរស័ព្ទ

ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកមានតួនាទីជាអ្នកបកប្រែភាសាថៃជូនសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។

ឯកឧត្តម ឃ្លាំង ហួត បានចោទជាសំនួរងា តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកបានអមនាយករដ្ឋមន្រ្តី ផែថងថាន រង់ចាំជជែកតាមទូរស័ព្ទដើម្បីសុំចរចាជាមួយសម្ដេចតេជោ រហូតដល់៤ម៉ោង (ម៉ោង២រសៀល ដល់ម៉ោងប្រមាណជិត៦ល្ងាច) នេះសបញ្ជាក់ឱ្យឃើញថា លោកច្បាស់ជាយល់ឃើញថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។

ឯកឧត្តម បានបញ្ជាក់ទៅកាន់ នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ថា សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព សម្ដេចបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះ និងកសាងប្រទេសជាតិឱ្យមានការរីកចម្រើន និងជាវីរបុរសដែលប្រជាជនកម្ពុជាគោរពស្រលាញ់ជាទីបំផុត។