ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៥៩ ៩៥៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក កាលពីថ្ងៃទី ២២ មេសា ២០២៥ ក្រោយបានអនុវត្តយុទ្ធនាការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។
នៅក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា យុទ្ធនាការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវ«បរិយាកាសគ្មានវិវាទ»នៅកម្ពុជា។

ឯកឧត្តម បានបន្តថា ស្របពេលនៃការប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំតម្រង់ទិសរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាក់ស្តែងការប្រកាសបញ្ចប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នាពេលនេះ។
ទន្ទឹមនេះ ឯកឧត្តមក៏ថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារទាំង២១ក្រុម ចំនួន៥៣៥ នាក់ នៃក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ដែលបានចូលរួមសហការអនុវត្តការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ចាត់ទុកសមិទ្ធផលជាក់ស្តែងនាថ្ងៃនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់យកបេសកកម្មដាក់ក្នុងបេះដូង អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ។ ទាំងនេះជាការបម្រើប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ ហើយផ្តល់ជាប្រយោជន៍ជូនប្រជាជនប្រកបដោយភក្តីភាព៕