សប្បុរសជន ៦ក្រុមផ្សេងៗគ្នា បានអញ្ជើញចូលរួមបរិច្ចាគថវិកាក្នុងឱកាសទិវា ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។ សប្បុរសជន ៦ក្រុមនេះរួមមាន ១- ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ថវិកា ១.០៩៩.៩៩៩ ដុល្លារអាម៉េរិក ,២- ក្រុមហ៊ុន ណាហ្គាវើល (NAGAWORLD) ចំនួន ២.០០០.០០០ ដុល្លារអាម៉េរិក (ពីរលានដុល្លារអាម៉េរិក ,៣- ក្រមហ៊ុន ជីបម៉ុង ថវិកា ១.០០០.០០០ ដុល្លារអាម៉េរិក ,៤- ក្រុមហ៊ុន ទ្រី ភាព គ្រុប ឯ.ក ថវិកា ៣០០.០០០ ដុល្លាអាម៉េរិក,៥- ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងបាកាស ថវិកា ១០០.០០០ ដុល្លារអាម៉េរិក និង៦- ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA PLC.) ចំនួន ៨០០.០០០០០០ រៀល (ប្រាំបីរយលានរៀល)។

ក្នុងឱកាសជួបសវនាការ ទទួលថវិកា និងអំណោយ ពីសប្បុរសជន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកក្រហមកម្ពុជា ពិតមានសេចក្តីរំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តរបស់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ សូមគោរពថ្លែងអំណរគុណដល់ សប្បុរជនទាំងអស់ ដែលបានបរិច្ចាគសម្ភារ និងថវិកាផ្ទាល់ខ្លួន ក្នុងបុព្វហេតុមនុស្សធម៌មួយនេះ។ ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បានលើកឡើងពីភាពប៉ិនប្រសប ឈ្លាសវៃ ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការងារមនុស្សធម៌កន្លងមកនេះ។ ជាពិសេស លោកជំទាវ សូមកោតសសើរនូវទឹកចិត្តសប្បុរជន ដែលបានចូលរួមនាឆ្នាំកន្លងៗមក ក្នុងការជួយដល់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងរងគ្រោះបំផុតបានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនមានភាពរើសអើង និងតម្លាភាពខ្ពស់។

លោកជំទាវបណ្ឌិតបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង២លាននាក់។
ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» គឺជាឱកាសកៀរគរការជួយគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន។
ដូច្នេះលោកជំទាវបណ្ឌិត បានបន្ដអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាគថវិកា ឬសម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើង ដោយមនុស្ស និងធម្មជាតិ។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ សូមចូលរួមតាមរយៈក្រុមការងារប្រចាំការ ទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា៕
