ឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ ចូលធ្វើម្ហូបដោយផ្ទាល់ដៃ ជូនប្អូនៗនៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ

ក្រុមការងារយុវជនបូជាការពារយុតិ្តធម៌ ដឹកនាំដោយ លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ បានអញ្ជើញទៅចែករំលែក និងផ្តល់ក្តីស្រលាញ់ និងស្នាមញញឹមដល់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ។

នៅក្នុងវីដេអូសកម្មភាពជិត២នាទីនៃការចម្អិនម្ហូបដោយផ្ទាល់ដៃពីសំណាក់លោកឧកញ៉ា ឡេង និមល និងឧកញ៉ា ឡេង បញ្ចពណ៌ បានបង្ហាញពីស្នាមញញឹម ក្ដីស្រឡាញ់ ការទទួលបាននូវភាពកក់ក្ដៅនិងការយកចិត្ដទុកដាក់ ទៅលើប្អូនៗនៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ។

លោកឧកញ៉ា ឡេង និមល បានឱ្យដឹងថា ឥឡូវនេះ ក្រុមយុវជនបូជាការពារយុតិ្តធម៌ បានផ្តល់ក្តីស្រលាញ់ និងស្នាមញញឹមដល់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ នៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ។ ក្រុមយុវជនបានញាប់ដៃញាប់ជើងរៀបចំសម្ភារៈចានឆ្នាំង បង្កាត់ភ្លើង ចិតបន្លែ កាត់ព្រុយបង្កង ធ្វើសម្លតុងយាំបង្កងមួយខ្ទះត្នោតធំ ដោយទឹកមុខសប្បាយរីករាយ។

លោកឧកញ៉ាបន្ដថា ប្អូនៗសិស្សានុសិស្សមណ្ឌលបានមកជួយសម្អាតតុបាយ ដើម្បីឲ្យកន្លែងញាំអាហារមានផាសុកភាព ហើយប្អូនៗខ្លះជជែកគ្នាពីការសិក្សា និងលេងកីឡា។ គ្រាន់តែឮសំឡេងជួងពន្លឺឡើង ប្អូនៗបានជួបជុំ ឈររង់ចាំញាំសម្លតុងយ៉ាំបង្កងដ៏ឆ្ងាញ់ ដែលរៀបចំដាក់ចានយ៉ាងស្អាតឲ្យប្អូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានសាកទឹកដៃរបស់ក្រុមយុវជនបូជាការពារយុត្តិធម៌ ។

ជាមួយនឹងទម្លាប់នឹងសកម្មភាពល្អៗរបស់ប្អូនៗ លោកឧកញ៉ា ឡេង និមល បានកោតសរសើរប្អូនៗពិតជាមានសីលធម៌មែន ដោយមុនញ៉ាំនាំគ្នាសូត្រព្រមៗគ្នាអរគុណដល់ក្រុមយុវជនបូជាការពារយុត្តិធម៌។

ជាការឆ្លើយតបនឹងការខិតខំធ្វើម្ហូបដោយក្ដីស្រឡាញ់នេះ កុមារនៅមណ្ឌលពន្លឺអនាគតរាជធានីភ្នំពេញ ក៏បានសរសើរថាសម្លតុងយ៉ាំរបស់ក្រុមយុវជនបូជាការពារយុត្តិធម៌មានរសជាតិឆ្ងាញ់ ហើយថ្ងៃក្រោយបានប្រាប់ឲ្យមកលេង និងធ្វើសម្លឲ្យពួកគាត់បានញ៉ាំទៀត៕