ឯកឧត្តម ជា លីសែ៖ ទឹកភ្នែករបស់សម្តេចតេជោ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ដើម្បីប្រយុទ្ធបណ្ដេញ និងកម្ទេចរបបប៉ុលពត

នៅក្នុងវេទិកាអន្តរជាតិនៅឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន បានសម្រក់ទឹកភ្នែក ពេលនឹកដល់រឿងរ៉ាវដែលកើតឡើងពេលកម្ពុជាមានសង្គ្រាមរ៉ាំរ៉ៃកាប់សម្លាប់ខ្មែរគ្នាឯង ហើយប្រទេសជាតិក្លាយជាភ្នក់ភ្លើង និងការបែកបាក់ប្រពន្ធកូន ចេញស្វែងរកសន្តិភាពជូនជាតិ និងនាំសន្តិភាពមកដល់ពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុក ទឹកភ្នែករបស់សម្តេចតេជោ គឺជាសក្ខីភាពនៃការចងចាំដ៏មានតម្លៃចំពោះដំណើរជីវិតរបស់លោក ដែលបានលះបង់ភាពយុវវ័យ ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន ដើម្បីប្រយុទ្ធ បណ្ដេញ និងកម្ទេច«របបប៉ុលពត»។ 

ឯកឧត្តម ជា លីសែ បានបញ្ជាក់ថា ជីវិតរបស់សម្តេចតេជោ គឺជាដើមទុនដ៏មានតម្លៃ ដែលលោកមិនខ្លាច មិនញញើត នឹងយកទៅភ្នាល់ម្តងហើយម្តងទៀត នៅលើសមរភូមិគ្រប់ទិសទី ដើម្បីសន្តិភាពរបស់កម្ពុជា ដែលនៅគ្រានោះ គ្មានការធានាអះអាងណាមួយចំពោះលទ្ធផលជោគជ័យ ក្រៅតែពីលើការគិត ការវិភាគ និងវាយតម្លៃយ៉ាងប៉ិនប្រសព្វ និងភាពក្លាហានមោះមុតរបស់សម្តេចតេជោនៅលើទីលានសមរភូមិ។ 

ទន្ទឹមនឹងនេះ ឯកឧត្តម បានរំលឹកថា សម្តេចតេជោ ឆ្លងកាត់សមរភូមិគ្រប់ទិសទី ទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ  លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។​ អ្វីគ្រប់យ៉ាងដែលលោកកំពុងពុះពារសុខចិត្តលះបង់ ទាំងជីវិត ទាំងគ្រួសារ ទាំងប្រពន្ធកូនជាទៅស្រឡាញ់ គឺមានគោលដៅតែមួយគត់ គឺសន្តិភាពសម្រាប់ប្រជាជាតិមួយនេះ។

ឯកឧត្តម បានបន្ថែមថា យើងទាំងអស់ពិតជាមើលឃើញយ៉ាងច្បាស់នូវគុណូបការៈសម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សាជាតិ តាមនយោបាយ«ឈ្នះ-ឈ្នះ» និងជាអគ្គមគ្គុទេសន៍នៃកំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ជាជំហរគ្រឹះអភិវឌ្ឍសង្គមជាតិយ៉ាងរឹងមាំ សម្រាប់យុវជនបន្តវេនជំនាន់ក្រោយ និងសូមគោរពស្រឡាញ់ ជឿជាក់ គាំទ្រ ថែរក្សាការពារមរតកសន្តិភាព និងការអភិវឌ្ឍរបស់សម្ដេចតេជោ ជានិច្ចនិរន្តរ៍។