កម្ពុជា និងសិង្ហបុរី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខព័ត៌មាន

នៅក្នុងជំនួបទ្វេភាគីរវាង នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងលោក Poon Hong Yuen អគ្គនាយករងនៃក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន នៃប្រទេសសិង្ហបុរី ភាគីទាំងពីបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធក្នុងកិច្ចការព័ត៌មាន។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតលើសារៈសំខាន់នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការកសាងសមត្ថភាព និងគំនិតផ្តួចផ្តើមក្នុងការពង្រឹងសន្តិសុខព័ត៌មាននៅទូទាំងតំបន់អាស៊ាន។

សិង្ហបុរីបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងស្វាគមន៍ក្នុងការផ្តល់ការគាំទ្រលើការចែករំលែកចំណេះដឹងនៅក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយគឺជាកិច្ចការអាទិភាពរបស់ក្រសួងព័ត៌មាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញជាផ្លូវការដល់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាននៃប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ នៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។