សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប LÉON XIV ដែលបានអំពាវនាវឱ្យពិភពលោក ប្រកាន់យកសន្តិភាព។
ក្នុងសារលិខិតសម្តេចតេជោ ផ្ញើជូន ដូនជី Raffaella Petrini ប្រធានអភិបាលបុរីវ៉ាទីកង់ នៅយប់ថ្ងៃទី១២ ខែឧសភានេះ បានឲ្យដឹងថា នៅក្នុងព្រះរាជសុន្ទរកថាដំបូង ថ្លែងនាថ្ងៃទី៨ ខែឧសភា នៅទីក្រុងរ៉ូម លើទីលានសាំងព្យែរ សម្ដេច ប៉ាប LÉON XIV បានអំពាវនាវទៅកាន់ពិភពលោក ឱ្យប្រកាន់យកសន្តិភាព។
សម្តេចតេជោ បានគូសរំលេចថា អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដែលកម្ពុជា បានរស់នៅក្នុងសន្តិភាព និងភាពរីកចម្រើន បន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញដោយអំពើអយុត្តិធម៌ និងអំពើហិង្សា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអំពាវនាវរបស់សម្តេចប៉ាប ឱ្យពិភពលោកប្រកាន់យកសន្តិភាព បានរន្ទឺយ៉ាងខ្លាំងក្លានៅក្នុងដួងចិត្តរបស់សហគមកាតុលិកខ្មែរ។
«ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល ខ្ញុំតែងតែគាំទ្រដល់រាល់ ការខិតខំប្រឹងប្រែងរបស់ប្រជាជាតិ និងប្រជាជននានាលើសកលលោក ដើម្បីសន្តិភាព យុត្តិធម៌ និងការ
ផ្សះផ្សាជាតិ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕
