អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាអាកាសយានដ្ឋានធំបំផុត និងសំខាន់បំផុតក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ដែលនឹងបិទដំណើរការទាំងស្រុងនៅដើមខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីលេចរូបរាងឡើងនូវអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ១៥០០លានដុល្លារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានីភ្នំពេញ។

លោក ស៊ិន ចាន់សិរីវុត្ថា បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបិទដំណើរការនៅម៉ោង០០:០០យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ នោះ គឺដោយសារប្រតិបត្តិការទាំងអស់ ត្រូវរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោតាមការគ្រោងទុក។
ការកំណត់ថ្ងៃ ឬពេលវេលាជាក់លាក់នៃការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺ អាស្រ័យទៅលើការវាយតម្លៃចុងក្រោយ និងសាវនកម្មលើកទី២ របស់ក្រុមការងារបច្ចេកទេស ដែលនឹងធ្វើឡើងនៅដំណាច់ខែឧសភានេះ។
ដោយឡែក ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះពោធិ៍ចិនតុង គឺជាជើងហោះហើរ «Korean Air»។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានសាងសង់ឡើងដំបូងក្នុងសម័យអាណានិគមបារាំង ដោយត្រូវបានគេស្គាល់ថាជា «អាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិនតុង»។
ម្យ៉ាងទៀត អាកាសយានដ្ឋាននេះ ពិតជាច្រកទ្វារដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ដែលអាចទទួលភ្ញៀវរាប់លាននាក់ក្នុងមួយឆ្នាំ និងកម្រិតអន្តរជាតិ៕



