លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រេីនរំលឹកឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ គឺតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋ ចាប់ពីពេលនេះតទៅ។ លោកជំទាវបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុដកូវីដ-១៩ បំប្លែងថ្មី។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងថា ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលេីពិភពលោកក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៍មានរួចហេីយ ស្តីពី “ការបង្កេីនការការពារខ្លួន ពីការឆ្លងវីរុសកូវីដ-១៩” ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការអារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ចាស់ជរា អ្នកដែលមានជំងឺរ៊ាំរ៊ៃនិងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដេីម។
លោកជំទាវបានលើកឡើងថា ដេីម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ លោកជំទាវបានក្រេីនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលេី នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ។
ទន្ទឹមនេះ លោកជំទាវវេជ្ជបណ្ឌិត រំលឹកកុំភ្លេចវិធានការ “៣ ការពារ និង ៣ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ទេីបអាចជួយកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់ ដូចដែលយេីងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១ដល់ឆ្នាំ២០២២ ស្រាប់ហេីយ។
សូមជម្រាបថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩ នៅឡេីយទេ ប៉ុន្តែការ “ការពារប្រសើរជាងព្យាបាល” ជាជម្រេីសដ៏ល្អប្រសេីរបំផុត សម្រាប់យេីងទាំងអស់គ្នា ហើយយើងក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។ រួមគ្នា ដេីម្បីកម្ពុជា ចៀសផុតពីការលេចចេញឡេីងវិញ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩ ដោយយេីងទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន និងការពារខ្លួនទុកជាមុន ឱ្យបានល្អប្រសេីរ។ នេះជាការបញ្ជាក់បន្ថែមពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៕

