បញ្ចប់ការរស់នៅរបស់ពលរដ្ឋក្នុងអគារចំណាស់ទ្រុឌទ្រោមអាយុកាល៧៥ឆ្នាំ ចាប់ពេលនេះតទៅ!

អគារអង្គរមានជ័យ ជាសំណង់ប្រវត្តិសាស្រ្ត និងអតីតសណ្ឋាគារចាស់ សាងសង់តាំងពី ទសវត្សឆ្នាំ ១៩៥០ ស្ថិតនៅលើផ្លូវព្រះមុន្នីវង្សកែងផ្លូវកម្ពុជាក្រោម ត្រូវបានអាជ្ញាធរចាប់ផ្តើមហ៊ុំព័ទ្ធហើយ ដោយសារមានការព្រួយបារម្ភខ្ពស់ អំពីស្ថានភាពទ្រុឌទ្រោមដែលអាចនាំឱ្យបាក់រលំដោយថាហេតុ។ បើទោះបីជាមាន៤គ្រួសារ នៅតែរស់នៅជាន់ផ្ទាល់ដីនិងប្រកបអាជីវកម្មដោយមិនព្រមចាកចេញក៏ដោយ។

ស្ថានភាពនៃអគារ មានសភាពទ្រុឌទ្រោម យ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំ ដែលជាហេតុធ្វើឱ្យអគារទាំងមូល ទទួលរងនូវការខូចខាតប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់មានសភាពពុកផុយ ខូចអស់ប្រមាណ ៥០% អាចបណ្ដាលឱ្យរលំបាក់ស្រុតនៅពេលណាមួយ។

លោក ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងជាប្រធានក្រុមការងារសម្របសម្រួល ក៏បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានគ្រួសារ ៦១ ក្នុងចំណោម ៦៥ គ្រួសារ បានទទួលសំណងពីរដ្ឋនិងចាកចេញទៅហើយ។ គ្រាន់តែសល់ ៤ គ្រួសារ នៅតែបន្តមិនព្រមព្រៀង ដោយបញ្ហាសំណងមិនទាន់ដោះស្រាយ។

អាជ្ញាធរខណ្ឌ ៧ មករា បានជម្រាបឱ្យពលរដ្ឋនៅជុំវិញតំបន់ពង្រឹងការប្រុងប្រយ័ត្ន ខណៈក្រសួងជំនាញចាំបាច់គិតគូត និងត្រូវអនុវត្តន៍វិធានឱ្យបានលឿន និងឆាប់រហ័ស ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ។

គួរបញ្ជាក់ថា អគារសហកម្មសិទ្ធិ នេះមានកម្ពស់ ៦ ជាន់ មានបន្ទប់សរុប ១០៧ បន្ទប់លើផ្ទៃដីប្រហែល ៥៩០ ម៉ែត្រការ៉េ។ បច្ចុប្បន្ន អគារនេះមានអាយុច្រើនជាង ៧៥ ឆ្នាំ និងស្ថិតក្នុងស្ថានភាពអាសន្នផងដែរ៕

ដោយ៖ ផុន លីហ្សា