សម្តេចតេជោ ហ៊ុន សែន៖ គោរមងារជា «សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង» ពិតជាស័ក្តិសមឥតខ្ចោះ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាស សម្ដេច ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ប្រោសព្រះរាជទានគោរមងារ ជា “ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង” ។

ក្នុងសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រោសព្រះរាជទាននូវគោរមងារដ៏ថ្លៃថ្លានេះ ពិតជាស័ក្តិសមឥតខ្ចោះចំពោះ សម្តេច ដែលបានចូលរួម ដឹកនាំប្រជាជាតិកម្ពុជា ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជ តម្រិះ និងព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការ ចូលរួមតស៊ូរំដោះជាតិកម្ពុជានិងស្វែងរកសុខសន្តិភាពជូនជាតិនិងប្រជាជនកម្ពុជា។ ស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្ដេច មានស្វាមីភក្តិយ៉ាងគត់មត់ចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបាន យ៉ាងខ្ជាប់ខ្ជួន។

សម្តេចតេជោបានបន្តថា៖ «ក្រោមការដឹកនាំរបស់ខ្ញុំកន្លងមក សម្តេច ដែលជាអ្នកការទូតដ៏ឆ្នើម បានចូលរួមក្នុងចរចាយ៉ាង ស្វិតស្វាញ និងស្វាហាប់ក្នុងសន្និសីទអន្តរជាតិជាច្រើនទទួលបានជោគជ័យត្រចះត្រចង់, បានចូលរួមលើកកម្ពស់ វិស័យការទូតនិងពង្រីកទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសជាមិត្ត, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិបាន ល្អ ដោយរក្សាបាននូវឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ ក្រៅពីនោះ សម្តេច ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។

គួរឱ្យដឹងថា អ្នកនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានគោរមងា «សម្ដេច» នេះ រួមមាន៖ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចពញ្ញាចក្រី ហេង សំរិន, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចចៅហ្វាវាំង គង់ សំអុល(មរណភាព ឆ្នាំ២០២៤) , សម្ដេចមហាធម្មពោធិសាល ជា ស៊ីម (មរណភាព ឆ្នាំ២០១៥) និងសម្ដេចវិបុលបញ្ញា សុខ អាន (មរណភាព ឆ្នាំ២០១៧), សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទ៖ អក្ខរា