កម្ពុជា ថៃ រក្សាសុខជាជាងមានជម្លោះក្នុងផ្ទៃអាស៊ានតែមួយ!

ត្រឹមឆ្នាំ២០២៥នេះ កម្ពុជា-ថៃ ភ្ជាប់ទំនាក់ទំនងជាមួយគ្នាមានអាយុ ៧៥ឆ្នាំហើយ ដោយថ្មីៗនេះប្រមុខដឹកនាំនៃរាជរដ្ឋាភិ​បាល​ប្រទេសទាំងពីរ បានប្រារព្ធខួបយ៉ាងឱឡារឹក ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីថៃបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅភ្នំពេញ។

កម្ពុជា ថៃ តែងតែពិភាក្សាគ្នាជារឿយៗ ដើម្បីផ្លាស់ប្តូរទស្សនៈរួមបន្តពង្រឹងកិច្ចសហការប្រតិបត្តិការទ្វេភាគី រហូតបានលើកកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តថែមទៀត។ បើទោះបីមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញ៉ាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ប្រទេសទាំងពីរតែងមានការប៉ះទង្គិចគ្នាលើរឿងព្រំដែនដែលមិនទាន់ដោះស្រាយចប់ ហើយព្យាយាមដោះស្រាយដោយសន្តិវិធី បើដឹងថា ក្រុមប្រឆាំងក្នុងប្រទេសរៀងៗខ្លួនមានឆន្ទៈរុញរឿងព្រំដែនកើតឡើងក៏ដោយដើម្បីកេងចំណេញនយោបាយ។

យ៉ាងណា តាំងពីអាណត្តិមុនៗមក ប្រមុខដឹកនាំព្រះរាជាណាចក្រទាំងពីរ បន្តដោះស្រាយជាបន្តបន្ទាប់ ពិសេសលើកិច្ចការព្រំដែន។ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ឧសភានេះ ក្រោយមេដឹកនាំទាំងពីរបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី កងទ័ពថៃបាញ់មកលើកងទ័ពកម្ពុជា បណ្តាឲ្យពលីជីវិតម្នាក់។ ភ្លាមៗ មេទ័ពជើងគោគប្រទេសទាំងពីរ បានសន្ទនាគ្នាតាមទូរសព្ទបន្ទាន់មួយដើម្បីជជែកពីបញ្ហាប៉ះទង្គិចគ្នានៅព្រំដែនមុំបីខេត្តព្រះវិហារ។

ក្រសួងការពារជាតិបានបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។

ទោះបីកងទ័ពប្រទេសជិតខាងទាំងពីរ ប៉ះទង្គិចគ្នាម្តងជាពីរម្តង តែមេដឹកនាំទាំងពីរតែងបានរកវិធីដោះស្រាយ ធ្វើយ៉ាងណាកុំឲ្យមានការផ្ទុះអាវុធនាំឲ្យខាតទាំងសងខាងប៉ុណ្ណោះ។ «ខ្ញំជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត លើការប្តេជ្ញាការពារបូរណភាពទឹកដីរបស់ជាតិខ្មែរយើង»។

មេដឹកនាំទាំងពីរព្យាយាមរក្សាសុខក្នុងផ្ទៃអាស៊ានតែមួយជាជាងមានជម្លោះរហូតដល់បង្កជាសង្រ្គាម ព្រោះគ្មានចំណេញសោះឡើយបើមានសង្រ្គាម ដោយសារមេដឹកនាំទាំងពីរមើលឃើញថា ប្រជាជនចង់បានសន្តិភាព។