អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង និង គណៈប្រតិភូ បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅម៉ោង១រសៀល ថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ វត្តមានអញ្ជើញដល់របស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចសា្វគមន៍ ដោយឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទជាច្រើនរូប។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន គឺនគឿង នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧ បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង ក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ អគ្គ បញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយក្នុងកិច្ចពិភាក្សានោះ គឺផ្តោតសំខាន់លើការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាង កងទ័ពនៃប្រទេសទាំងពីរ ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង ក៏នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ,ទស្សនកិច្ចសាលាហ្វឹកហ្វឺន យោធភូមិភាគទី៤ និងទស្សនាប្រាង្គប្រាសាទមួយចំនួនក្នុងខេត្តសៀមរាបផងដែរ៕
គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេ នាធិការកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ទី០៦ ខែមិថុនា ឆ្នាំ២០២៥។
អត្ថបទ៖ ពុទ្ធិកា

