រឿងអាស្រូវ ! រដ្ឋបាលខេត្តកំពត នឹងស្នេីទៅក្រសួងមហាផ្ទៃ ចាត់វិធានការលើលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី

រដ្ឋបាលខេត្តកំពត នឹងស្នេីទៅក្រសួងមហាផ្ទៃ ដេីម្បីចាត់វិធានការលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរីបន្ទាប់ពីបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរកិត្តិយសរបស់ខ្លួន និងអង្គភាព។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតនាថ្ងៃទី៣ ខែមិថុនានេះ បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនីបានបង្ហោះឃ្លីបវីដេអូ លោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី។

ជុំវិញករណីនេះ លោក ហេង ងួនស្រ៊ុន បានលួចទៅរៀបការប្រពន្ធថ្មី ហើយត្រូវបានប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពតមិនគាំទ្រដាច់ខាតចំពោះករណីខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ 

បន្ថែមពីនេះ រដ្ឋបាលខេត្តនឹងលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត៕