បញ្ហាជម្លោះព្រំដែន! កម្ពុជានៅតែសម្រេចបញ្ជូនទៅតុលាការ ICJ ទោះបីជាឯកភាពធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ គណៈកម្មការចម្រុះ JBC

ទោះបីជាកម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ(JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនាក៏ដោយ ប៉ុន្តែគោលជំហរដ៏មុឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដែលបានសម្រេចបញ្ជូនបញ្ហាជម្លោះព្រំដែនទៅតុលាការ យុត្តិធម៌អន្តរជាតិនៅតែដដែល។

នេះបើយោងតាមសេចក្តីថ្លែងការណ៍ពិេសសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធស្ថានភាពបញ្ហាព្រំដែនជាមួយប្រទេសថៃកាលពីយប់មិញនេះ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា គោលជំហរមិនងាករេរបស់កម្ពុជាក្នុងការបញ្ជូនបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការ ICJ គ្មានអ្វីប្រួលប្រែឡើយ ហើយសង្ឃឹមថាភាគីថៃ នឹងសហការជាមួុយកម្ពុជាក្នុងការនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិ។ 

ដោយឡែក បញ្ហានៃតំបន់ទាំង បួននេះ នឹងមិនត្រូវដាក់ចូលក្នុងរបៀបវារ:នៃកិច្ចប្រជុំ គណៈកម្មការចម្រុះ JBC កម្ពុជា-ថៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះទេ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កងទ័ពថៃ ជាអ្នកបើកការបាញ់ប្រហារបណ្តាលឳ្យកងទ័ពកម្ពុជាមួយរូបស្លាប់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ផងដែរ។

គួរបញ្ជាក់ថា កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន៕