ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះបរមរាជានុញ្ញាតជូនគណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយនូវរបាយ​ការ​ណ៍

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសំដែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់ថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ និងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទូលថ្វាយព្រះអង្គទាំងទ្វេ នូវរបាយការណ៍សំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដូចជា៖ ការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងលទ្ធផលស្តីពីការប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ព្រមទាំងសមិទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០២៤ និង៥ខែ ដើមឆ្នាំ២០២៥ ដែលកាកបាទក្រហមកម្ពុជា បានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានស្នើព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ នូវមូលនិធិចំនួន ៥០ម៉ឺនដុល្លារ និងថ្វាយ សម្តេចព្រះវររាជមាតាជាតិខែ្មរ ៥០ម៉ឺនដុល្លារ ដើម្បីចូលរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តមប្រពៃថ្លៃថ្លានៃ ព្រះអង្គទាំងទ្វេ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយព្រះពរ និងទូលថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយ និងមានសារៈសំខាន់ ជាពិសេសបានបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង។ ព្រះអង្គទាំងទ្វេ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ហើយបាននាំយកដង្វាយមកថ្វាយសម្រាប់ប្រើប្រាស់ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ផ្សេងៗ។

ក្នុងឱកាសនោះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រទានពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឱ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីប្រជានុរាស្ត្រនៅទូទាំងប្រទេស៕