សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមប្រធានាធិបតីក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។
ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះឯកឧត្តមប្រធានាធិបតី, សម្តេចបវរធិបតីបានគូសបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង អប់រំ ជាដើម, និង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅវិញ ទៅមក នាពេលវេលាសមស្របខាងមុខ ព្រមទាំងបានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំទាំងពីរ៕



