អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបំភ្លឺព័ត៌មានជូនសាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះ មានគណនី TikTok មួយឈ្មោះ «Amy Richard310» និងគណនី Facebook ឈ្មោះ «Piseth PG EM» បានផលិត និងបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់រើសអើង បង្កើតព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ ហើយបំបាក់ទឹកចិត្តកងទ័ព ដោយគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ។
បុគ្គលរូបនេះ មានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់សាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ដូចករណីចំពោះបុគ្គលរូបនេះ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋទាំងអស់គប្បីទទួលព័ត៌មានពិតប្រាកដ ចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារ ជាតិ ជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជុំវិញការដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕



