រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំប្រារព្ធពិធីរំលឹកខួប លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា១៩៧៧ – ២០ មិថុនា ២០២៥) នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី២០ ខែមិថុនា ខាងមុខនេះ។

ក្នុងពិធីរំលឹកខួប លើកទី៤៨ នេះ នឹងមានការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ពិធីនេះរៀបចំឡើង ក្នុងគោលបំណងចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ។
លើសពីនេះ ក៏នឹងរៀបចំគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅមហាចេតិយ ខេត្តត្បូងឃ្មុំផងដែរ៕



