បន្ទាន់! ផ្លូវ១០៥k នឹងដកដែក រ៉ៃនិងចាក់បេតុងថ្មី បន្ទាប់ពីកើតមានគ្រោះថ្នាក់ជាញឹកញាប់

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញ ស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះ។

កិច្ចសហការគ្នានេះ បន្ទាប់ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃសុក្រ ទី៤ ខែកក្កដានេះ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ។

ក្រៅពីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ផងដែរ។

ជាលទ្ធផល ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរផងដែរ។

សូមជម្រាបថា កាលល្ងាចថ្ងៃម្សិលមិញ យុវតីសិស្សសាលាម្នាក់បានបាត់បង់ជីវិតដោយសារជិះម៉ូតូរអិលជាមួយផ្លូវរថភ្លើងដែលនៅលើផ្លូវ១០៥k បណ្ដាលឲ្យដួល ហើយត្រូវរថយន្ដមួយបើកកិន៕

ដោយ៖ ផុន លីហ្សា