ថៃថា តែកម្ពុជាធ្វើ! សម្តេចបវរធិ​បតី ហ៊ុន ម៉ាណែត បញ្ចប់​ការទិញថាមព​លអគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ

ចាប់ពីម៉ោង ១២ យប់ថ្ងៃទី១២ មិថុនា ជាពេលវេលា ដែលក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) និងថាមពលអគ្គិសនី ពីប្រទេសថៃ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា កម្ពុជាមានសមត្ថភាពធានាផ្គត់ផ្គង់ក្នុងសេវាអ៊ីនធឺណិត និងថាមពលគ្រប់គ្រាន់ដោយខ្លួនឯង មិនចាំបាច់ពឹងផ្អែកលើបប្រទេសទៀតនោះទេ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការសម្រេចបែបនេះ គឺដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ ព្រោះ ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួន ឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។

ទន្ទឹមគ្នានឹងការប្រកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជាផ្សេងទៀត ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ឬបិទអ្វីផ្សេងទៀតមកកម្ពុជាផងដែរ។

គួររម្លឹកថា កន្លងមកក្រុមជ្រុលនិយមថៃ ដោយមានការគាំទ្រពីពួកយោធា ដែលនិយមសង្រ្គាមបានគំរាមមកលើកម្ពុជាថា នឹងផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត ហើយថ្មីៗនេះ មានការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ការបញ្ចប់ការទិញអ៊ីនធឺណិតរបស់កម្ពុជា នឹងធ្វើឲ្យអ៊ីនធឺណែតថៃ បាត់ចំណូលក្នុងមួយឆ្នាំប្រមាណជាង១០០លានដុល្លារ។ ហើយប្រសិនបើនៅតែប្រមាថកម្ពុជា នោះនឹងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុង ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញពីប្រទេសផ្សេងវិញ ដែលធ្វើឲ្យអ្នកផលិតរបស់ថៃ បាត់បង់ទីផ្សាដែលមួយឆ្នាំប្រមាណជាង ៤ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានប្តថា កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា ចង់មានទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយកម្ពុជា គឺកម្ពុជាត្រូវតែឆ្លើយតបដោយម៉ឹងម៉ាត់ ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។ គេគំរាមកម្ពុជាបែបអ្នកលេង តែកម្ពុជា គឺអ្នកមែនគឺធ្វើតែម្តង៕

អត្ថបទ៖ ពុទ្ធិកា