ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ

ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយមនិងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ប៉ែន បូណា បានបន្តថា ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញនាថ្ងៃសៅរ៍នេះគឺជាឧទាហរណ៍ស្រាប់។

នេះសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីឱ្យអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។ មានករណីតែមួយគត់ដែលកម្ពុជារក្សាសិទ្ធិប្រើអាវុធគឺករណីដែលមានការឈ្លានពានតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានបន្ថែម ពេលនេះសាធារណមតិជាតិនិងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីជំហររបស់កម្ពុជាដែលស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ និងស្អប់ខ្ពើមសង្គ្រាម ខណៈដែលភាគីថៃទាត់ចោលយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ហើយមេទ័ពរបស់ខ្លួនថែមទាំងប្រើវោហាសាសន៍សង្គ្រាមទៅវិញ៕