សម្តេចតេជោ ហ៊ុន សែន៖ អ្នកត្រលប់ពីថៃ ឲ្យតែជាខ្មែរ ទោះមានឬគ្មានឯកសារ កម្ពុជាទទួលទាំងអស់ ដោយគ្មានការរើសអើង

នៅក្នុងបណ្តាញសង្គម នាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា អ្នកណាក៏ដោយឲ្យតែជាខ្មែរ ទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ ការគូសបញ្ជាក់របស់បែបនេះ ជាការឆ្លើយតបនឹងការចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំ ហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា វិធានការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ ជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរថ្មី។

សម្តេចក៏អំពាវនាវ ឲ្យបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងរងការប្រមាថ។ ការលើកឡើងបែបនេះ ត្រូវបានសម្តេចអះអាងថា សម្តេចយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា និងថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច៕

អត្ថបទ៖ ពុទ្ធិកា