សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ដល់ពលករខ្មែរដែលជំពាក់បំណុល ហើយត្រលប់ពីថៃវិញ

នៅលើបណ្តាញសង្គម នាថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់​បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុល​ជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែ​លអាចធ្វើទៅបាន ។

ការអំពាវនាវនេះ ធ្វើឡើងស្របគ្នាជាមួយនឹង ការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាល ក្នុងការ​សម្របសម្រួលដោះស្រាយក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់ពលករខ្មែរយើងពីប្រទេសថៃ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង។ »

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្រប​សម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅ​តំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

រីឯក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូន​ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់ ហើយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

អត្ថបទ៖ ពុទ្ធិកា