២៦ឆ្នាំក្រោយសង្គ្រាម! គ្រាប់មីនតោននៅតែជា«ឃាតករលាក់មុខ»​គំរាម​កំ​ហែង​ដល់សុវត្ថិភាពពលរដ្ឋ

កងកម្លាំងអង្គភាព CMAC កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តភារកិច្ច រាវរក និងបោសសម្អាតធានាសុវត្ថិភាព នៅតំបន់កើតហេតុផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យអ្នកបេីកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្កា ស្ថិតក្នុងតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

ជាលទ្ធផល អ្នកជំនាញរកឃើញគ្រាប់មីនតោនបន្ថែមចំនួន ៣គ្រាប់ នៅក្នុងតំបន់ទីតាំងកើតហេតុនោះ។ បន្ថែមពីនេះ កាលពីថ្ងៃ ១០ មិថុនា ២០២៥ កម្លាំងជំនាញ CMAC ក៏បានចុះបោសសម្អាតធានាសុវត្ថិភាពក្នុងករណីផ្ទុះមីនតោននៅខេត្ត ប៉ៃលិន និងរកឃើញគ្រាប់មីនតោនចំនួន ៣គ្រាប់ ដូចគ្នាផងដែរ។ 

នេះសបញ្ជាក់ថា សំណល់យុទ្ធភណ្ឌសង្គ្រាម នៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បេីទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៦ឆ្នាំហេីយ ក៏ដោយ។

លើសពីនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ បោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដេីម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះផងដែរ។

ជាមួយគ្នានេះ អង្គភាព CMAC ក៏បានស្នើសូមដល់ប្រជាពលរដ្ឋជៀសវាងនឹងវត្ថុបង្កសង្ស័យ និងត្រូវជូនដំណឹងភ្លាមៗទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុមឆ្លើយតបរហ័សរបស់អង្គភាព CMAC ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ៕