ក្រុមហ៊ុន CBS បដិសេធការផ្សាយអត្ថបទរបស់សារព័ត៌មានថៃ The Nation ដែលថាអ្នកឧកញ៉ា គិត ម៉េង ផ្តល់មូលនិធិដល់សំណុំរឿងរបស់កម្ពុជាប្តឹងទៅ ICJ

ក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN, MyTV, CNC និងCBS Digital និងមានអ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក នៅថ្ងៃទី១៧ ខែមិថុនានេះ បានប្រកាសបដិសេធការផ្សាយអត្ថបទមួយរបស់សារព័ត៌មានថៃ The Nation នៅលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយដាក់ចំណងជើងថា៖“Kith Meng funds Cambodia’s ICJ case in support of Hun Sen’s nationalist push” (គិត ម៉េង ផ្តល់មូលនិធិដល់សំណុំរឿងរបស់កម្ពុជាប្តឹងទៅ ICJ ដើម្បីជំរុញចលនាជាតិនិយមរបស់លោក ហ៊ុន សែន)។

ក្នុងសេចក្តីប្រកាស ក្រុមហ៊ុន CBS បានចាត់ទុកអ្វីដែលសារព័ត៌មាន The Nation បានផ្សាយនេះ គឺប្រាសចាកពីការពិត និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកឧកញ៉ា គិត ម៉េង ពីព្រោះអ្នកឧកញ៉ា គិត ម៉េង មិនបានពាក់ព័ន្ធទៅនឹងការឧបត្ថម្ភប្រាក់ក្នុងដំណើរការដាក់ពាក្យបណ្តឹងករណីព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នោះទេ។ ដំណើរការក្តីទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាសមត្ថកិច្ចទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។