ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដល់កងទ័ពជួរមុខដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។

ក្នុងឪកាសនោះលោកជំទាវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងមានឆន្ទះមោះមុតឈរជើងការពារដែនអធិបតេយ្យភាពកម្ពុជាប្រកបដោយភក្តីភាព និងអង់អាចក្លាហាពីសត្រូវឈ្លានពាន។
លោកជំទាវបានស្នើសុំអង្គពិធីទាំងមូលស្មឹងស្មាធ ៣០ វិនាទី ដើម្បីគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូជនីយកិច្ចដ៏ធំធេងទាមទារយកប្រាសាទព្រះវិហារមកវិញ ព្រមទាំងគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនស្នេហាជាតិដែលបានពលិកម្ម ជាពិសេសលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតនៅក្នុងខេត្តព្រះវិហារនាពេលថ្មីៗនេះ។

លោកជំទាវ ភឿង សកុណា បានគូសបញ្ជាក់ថា កិច្ចការការពារជាតិ និងបូរណភាពទឹកដីនាពេលនេះមិនត្រឹមតែដើម្បីការពារនូវតឹកតាងប្រវត្តិសាស្ត្រនាពេលអតីតកាលដែលមានតំណក់ញើសនិងឈាមរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្មារតីសាមគ្គីរួបរួមជាតិ ជាកម្លាំងយ៉ាងរឹងមាំនាពេលបច្ចុប្បន្នដើម្បីធានានូវអនាគតដ៏រុងរឿងរបស់កម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយជាដរាបតទៅ។
ជាមួយគ្នានេះដែរ លោកជំទាវយរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងដឹងគុណសយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្តេជ្ញាការពារបូរណភាពទឹកដីនិងប្រជាជន៕


