នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ពលករខ្មែរចំនួន ៣៤នាក់ ដែលទើបវិលត្រឡប់ពីប្រទេសថៃ បានទទួលការងារថ្មីភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរផងដែរ។

ពលករទាំង ៣៤រូប មានស្ត្រី ១២នាក់ ដោយ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ផ្នែកកសិកម្ម ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធបានធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ផ្នែកឧស្សាហកម្ម។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលមកស្រុកកំណើតវិញ សូមទាក់ទង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា។
លើសពីនេះ ក៏មានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕





