សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់​ភាគីពាក់ព័ន្ធ ពង្រឹង​ការ​បង្ក្រាប​និងលុ​ប​បំបាត់​ទីផ្សារគ្រឿង​ញៀននៅកម្ពុជា

នៅឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យ​អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈបញ្ជាការ ឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កាត់ផ្តាច់ ឫសគល់មេក្លោង និងលុបបំបាត់ទីផ្សារគ្រឿងញៀន ជាពិសេស ទប់ស្កាត់ខ្សែរយៈចែកចាយទៅក្នុងសហគមន៍ និងជនបទ ដោយ​ឈរ​លើគោលការណ៍ «៣កុំ ១រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង ត្រូវរាយការណ៍។

ចំពោះរដ្ឋបាលរាជធានី ខេត្ត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំត្រូវម្ចាស់ការលើការងារផ្សព្វផ្សាយអប់រំ ដោយត្រូវបញ្ជាបការអប់រំអំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ឱ្យចំគោលដៅហានិភ័យនៅក្នុងមូលដ្ឋានតាមក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិ និងរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀនឱ្យបានល្អប្រសើរ ដោយគ្មានការប្រើប្រាស់គ្រឿងញៀន។

ទន្ទឹមនឹងការណែនាំ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជ​រដ្ឋា​ភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព,លើក​ទឹកចិត្តឱ្យគ្រប់ព្រឹត្តិការណ៍នានា ដូចជាព្រឹត្តិការណ៍សិល្បៈ តន្ត្រី កីឡា វប្បធម៌ និងសាសនា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា សូមឱ្យមានបង្កប់សារដាស់តឿននិងអប់រំឱ្យប្រជាពលរដ្ឋជៀសឆ្ងាយពីគ្រឿងញៀន ។

លើកទឹកចិត្ត មាតា បិតា អាណាព្យាបាល និងសាមីខ្លួនអ្នកញៀន ត្រូវមានស្មារតីរឹងមាំក្លាហាន ក្នុងការទទួលយកសេវាបន្សាប ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលនិង/ឬមណ្ឌលរដ្ឋនិង ឯកជន ដើម្បីចូលរួមកសាងធនធានមនុស្សឡើងវិញសម្រាប់សង្គមជាតិ។ ជាពិសេស ផ្សព្វផ្សាយ អប់រំ និងណែនាំឱ្យបានទូលំទូលាយដល់សិស្សានុសិស្សកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក វេប ស៊ីហ្សា ដែលអាចប៉ះពាល់ដល់សុខភាពនិងប្រព័ន្ធប្រសាទរបស់យុវវ័យដែលជាទំពាំងស្នងឫស្សី៕

អត្ថបទ៖ ពុទ្ធិកា