ទិវាអន្តរជាតិ! កម្ពុជា ចូលរួមជាមួយពិភពលោក កាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងក្រោមប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » ដើម្បីបំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ជាការពិត រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ។

ក្រៅពីនេះ វិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន គឺស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន) ។

លើសពីនេះ កម្ពុជា ក៏ត្រូវបានទទួលការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) ដែលជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ ២០២៤ កន្លងទៅ ដែលមានលក្ខណៈអធិកអធម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទូទាំង ២៥ រាជធានី ខេត្ត៕